លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការណែនាំដ៏ឈ្លាសវៃដើម្បីមានសុភមង្គលក្នុងក្រុមគ្រួសារ

ការណែនាំដ៏ឈ្លាសវៃដើម្បីមានសុភមង្គលក្នុងក្រុមគ្រួសារ

ចំណង​អាពាហ៍ពិពាហ៍​និង​កូន​ៗ​គឺ​ជា​អំណោយ​ដ៏​ពិសេស​ពី​អ្នក​បង្កើត​របស់​យើង។ លោក​ចង់​ឲ្យ​យើង​មាន​ក្រុម​គ្រួសារ​ដ៏​សប្បាយ​រីករាយ។ ដូច្នេះ​តាម​រយៈ​សៀវភៅ​បុរាណ​ដ៏​ពិសិដ្ឋ​មួយ លោក​បាន​ផ្ដល់​ការ​ណែនាំ​ដែល​អាច​ជួយ​ឲ្យ​ក្រុម​គ្រួសារ​របស់​យើង​មាន​សុភមង្គល​ច្រើន​ជាង។ សូម​ពិចារណា​ការ​ណែនាំ​ដ៏​ឈ្លាស​វៃ​នៅ​ខាង​ក្រោម​នេះ​៖

ប្ដី​ទាំង​ឡាយ ចូរ​ស្រឡាញ់​ប្រពន្ធ

«​ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង ព្រោះ​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ទេ មាន​តែ​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម​»​។—អេភេសូរ ៥:២៨, ២៩

ប្ដី​គឺ​ជា​ប្រមុខ​ក្នុង​ក្រុម​គ្រួសារ។ (អេភេសូរ ៥:២៣) ប្ដី​ដែល​ល្អ​គឺ​មិន​ប្រើ​ពាក្យ​គំរោះ​គំរើយ ឬ​តម្រូវ​ហួស​ហេតុ​ពេក​ពី​សមាជិក​ក្រុម​គ្រួសារ​ឡើយ។ គាត់​ឲ្យ​តម្លៃ​ប្រពន្ធ​របស់​គាត់ ហើយ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​នាង​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ គាត់​ព្យាយាម​ផ្គាប់​ចិត្ត​ប្រពន្ធ​របស់​គាត់ ហើយ​មិន​គិត​តែ​ទាម​ទារ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ទេ។ (ភីលីព ២:៤) គាត់​ប្រាប់​អំពី​អារម្មណ៍​និង​គំនិត​របស់​គាត់​ដល់​នាង ហើយ​ស្ដាប់​ពេល​ដែល​នាង​និយាយ។ គាត់​នឹង​មិន​«​ក្រេវ​ក្រោធ​»​នឹង​នាង ហើយ​មិន​ធ្វើឲ្យនាង​ឈឺ​ចាប់​ខាង​ផ្លូវ​កាយ​ឬ​ផ្លូវ​ចិត្ត​ឡើយ។—កូឡុស ៣:១៩

ប្រពន្ធ​ទាំង​ឡាយ ចូរ​គោរព​ប្ដី

«​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»​។—អេភេសូរ ៥:៣៣

ពេល​ប្រពន្ធ​គោរព​ប្ដី​របស់​នាង ហើយ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់ នាង​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សន្តិភាព។ បើ​គាត់​ធ្វើ​ខុស នាង​មិន​មើល​ងាយ​គាត់​នោះ​ទេ ប៉ុន្តែ​នាង​រក្សា​ចិត្ត​ស្លូត​បូត ហើយ​បង្ហាញ​ការ​គោរព​ចំពោះ​គាត់។ (ពេត្រុស​ទី​១ ៣:៤) ពេល​នាង​ត្រូវ​និយាយ​អំពី​បញ្ហា​ណា​មួយ​ជាមួយ​គាត់ នាង​ត្រូវ​ជ្រើស​រើស​ពេល​ល្អ ហើយ​និយាយ​ជា​មួយ​គាត់​ដោយ​ការ​គោរព។—អ្នក​ទូន្មាន ៣:៧

ចូរ​ស្មោះ​ត្រង់​ចំពោះ​គូ​អាពាហ៍ពិពាហ៍

«​បុរស​ត្រូវ . . . នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»​។—ដើម​កំណើត ២:២៤

ពេល​បុរស​និង​ស្ត្រី​រៀប​ការ​ជា​មួយ​គ្នា ពួក​គេ​បង្កើត​ចំណង​ដ៏​ជិត​ស្និទ្ធ​មួយ។ ដូច្នេះ ប្ដី​ប្រពន្ធ​ត្រូវ​តែ​ខំ​ប្រឹង​រក្សា​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ឲ្យ​រឹង​មាំ ដោយ​និយាយ​គ្នា​អស់​ពី​ចិត្ត ហើយ​បង្ហាញ​សេចក្ដី​សប្បុរស​សូម្បី​តែ​ក្នុង​រឿង​តូច​តាច​ក៏​ដោយ។ ពួក​គេ​ក៏​ត្រូវ​តែ​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​រួម​ភេទ​ជា​មួយ​អ្នក​ឯ​ទៀត។ ការ​ផិត​ក្បត់​គឺ​ជា​ទង្វើ​ដ៏​ឃោរ​ឃៅ ដោយ​សារ​ការ​ធ្វើ​ដូច្នេះ​បំផ្លាញ​ទំនុក​ចិត្ត ហើយ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់​គ្នា។—ហេប្រឺ ១៣:៤

ឪពុក​ម្ដាយ​ទាំង​ឡាយ ចូរ​បង្ហាត់​បង្រៀន​កូន​ៗ​

«​ចូរ​បង្ហាត់​បង្រៀន​កូន​ក្មេង​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ យ៉ាង​នេះទោះ​ជា​គាត់​មាន​អាយុ​ច្រើន​ក៏​ដោយ គាត់​នឹង​មិន​ចាក​ចេញ​ពី​ផ្លូវ​នោះ​ទេ​»​។—សុភាសិត ២២:៦

ព្រះ​បាន​ផ្ដល់​ភារកិច្ច​ដល់​ឪពុក​ម្ដាយ​ឲ្យ​បង្ហាត់​បង្រៀន​កូន​ៗ​របស់​ពួក​គេ។ នេះ​រួម​បញ្ចូល​ការ​បង្រៀន​កូន​ៗ​អំពី​របៀប​ដែល​ពួក​គេ​គួរ​ប្រព្រឹត្ត ហើយ​ទុក​គំរូ​ល្អ​ឲ្យ​ពួក​គេ។ (ការ​បំភ្លឺ​ច្បាប់ ៦:៦, ៧) ពេល​កូន​ធ្វើ​ខុស ឪពុក​ម្ដាយ​ដែល​មាន​ប្រាជ្ញា​នឹង​មិន​ប្រព្រឹត្ត​ហួស​ហេតុ​ពេក តែ​ពួក​គេ​«​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ មិន​រហ័ស​ខឹង​»​វិញ។ (យ៉ាកុប ១:១៩) បើ​ឪពុក​ម្ដាយ​ត្រូវ​ប្រដៅ​កូន​ៗ គាត់​ត្រូវ​ធ្វើ​ដូច្នេះ​ដោយ​សេចក្ដី​ស្រឡាញ់​មិន​មែន​ដោយ​កំហឹង​នោះ​ទេ។

កូន​ទាំង​ឡាយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ

«​កូន​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ . . . ‹​ចូរ​គោរព​ឪពុក​និង​ម្ដាយ​របស់​អ្នក​›»​។—អេភេសូរ ៦:១, ២

កូន​ៗ​គួរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គាត់​ដោយ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ ពេល​កូន​ៗ​គោរព​ឪពុក​ម្ដាយ នេះ​នាំ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​មូល​មាន​អំណរ​ក្រៃ​លែង និង​មាន​សន្តិភាព​ជា​មួយ​គ្នា។ កូន​ដែល​ធំ​ពេញ​វ័យ​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ឪពុក​ម្ដាយ ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គាត់​ទទួលបាន​ការ​ថែ​ទាំយ៉ាង​ល្អ។ នេះ​អាច​រួម​បញ្ចូល ការ​ជួយ​ថែ​ទាំ​ផ្ទះ​របស់​ពួក​គាត់ ឬ​ផ្ដល់​ជំនួយ​ឲ្យ​ពួក​គាត់​ខាង​លុយ​កាក់។—ធីម៉ូថេ​ទី​១ ៥:៣, ៤