លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្ហាញសេចក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារចុះ!

ចូរបង្ហាញសេចក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារចុះ!

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​រង្វង់​គ្រួសារ​ចុះ!

តូរូ​បាន​សាក​ចិត្ត​ប្រពន្ធ​ឈ្មោះ​យ៉ូកូ ថា​៖ «ដុត​វា​ចោល​ទៅ! បើ​ឯង​ខ្លាំង​ដុត​វា​ចោល​ទៅ!»។ * នាង​តប​វិញ​ថា​៖ «អញ​នឹង​ដុត​វា​ចោល​មែន!» ហើយ​ក៏​បាន​អុជ​ឈើគូស​ដើម្បី​ដុត​រូប​ថត​របស់​គេ​ទាំង​ពីរ​នាក់​ចោល។ រួច​មក នាង​គំហក​ដាក់​តូរូ​ទៀត​ថា​៖ «អញ​នឹង​ដុត​ផ្ទះ​នេះ​ចោល​ទៀត!»។ តូរូ​បាន​តប​វិញ​ដោយ​ទះ​កំផ្លៀង​នាង ហើយ​ក៏​បាន​បញ្ឈប់​ជំលោះ​នោះ​ដោយ​អំពើ​ហិង្សា​ទៅ។

បី​ឆ្នាំ​មុន​នោះ ស្វាមី​ភរិយា​នេះ​បាន​ចាប់​ផ្ដើម​រួម​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​ដូច្នេះ ហេតុ​អ្វី​ឥឡូវ​មាន​បញ្ហា​វិញ? ទោះ​ជា​តូរូ​មើល​ទៅ​ដូច​ជា​បុរស​ល្អ​ម្នាក់​ក៏​ដោយ តែ​ចំពោះ​យ៉ូកូ​នាង​មាន​អារម្មណ៍​ថា តូរូ​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​នាង​ទេ ហើយ​នាង​ក៏​គិត​ថា គាត់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អារម្មណ៍​របស់​នាង​ដែរ។ ថ្វី​បើ​នាង​ខំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ស្វាមី​ក្ដី តូរូ​មាន​ឫក​ហាក់​ដូច​ជា​មិន​ចេះ​បង្ហាញ​អារម្មណ៍​ចំពោះ​នាង​វិញ​សោះ។ ដោយសារ​យ៉ូកូ​ទ្រាំ​ទៀត​មិន​បាន​នាង​ក៏​ចាប់​ផ្ដើម​ចង​គំនុំ ហើយ​ក្លាយ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ឆាប់​ឆេវឆាវ​ទៅ​វិញ។ នាង​ចាប់​ផ្ដើម​ដេក​មិន​លក់ ក៏​មិន​ឃ្លាន​អាហារ មាន​ចិត្ត​ខ្វាយ​ខ្វល់​ហើយ​អន្ទះអន្ទែង ព្រម​ទាំង​ធ្លាក់​ទឹក​ចិត្ត ហើយ​ម្ដងម្កាល​ក៏​មាន​ភាព​តានតឹង​ដល់​ម្ល៉េះ​ដែល​វា​ធ្វើ​ទុក្ខ​ដល់​សរសៃ​ប្រសាទ​របស់​នាង។ ប៉ុន្តែ តូរូ​មើល​ទៅ​ដូច​ជា​មិន​រវី​រវល់​នឹង​ភាព​តានតឹង​របស់​ប្រពន្ធ​គាត់​នោះ​ទេ។ តូរូ​គិត​ថា ការ​មាន​ភាព​តានតឹង​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ។

«គ្រា​លំបាក​ណាស់»

បញ្ហា​ក្នុង​រង្វង់​គ្រួសារ​ដូច​ខាង​លើ​នេះ មាន​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ។ សាវ័ក​ប៉ុល​បាន​ប្រាប់​ជា​មុន​ថា សម័យ​យើង​នេះ​នឹង​ខុស​ពីសម័យ​ផ្សេង​ទៀត​ពីព្រោះ​មនុស្ស «មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស» ទេ។ (ធីម៉ូថេទី២ ៣:១​-​៥, កំណែ​ជា​អក្សរ​ទ្រេត) ពាក្យ​ដើម​ជា​ភាសា​ក្រិច​នោះ ដែល​បាន​បកប្រែ​នៅ​ទី​នេះ​ថា «មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស» គឺ​មាន​អត្ថន័យ​ជាប់​ទាក់ទង​នឹង​ពាក្យ​សំដៅ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​សមាជិក​គ្រួសារ​ច្រើន​តែ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ សម័យ​យើង​នេះ​ពិត​ជា​បាន​ស​ឲ្យ​ឃើញ​ថា ខ្វះ​សេចក្ដី​ស្រឡាញ់​មែន។ ទោះ​បើ​សមាជិក​គ្រួសារ​អាច​មាន​ចិត្ត​ស្រឡាញ់​គ្នា​ក្ដី ពួក​គេ​កម្រ​បង្ហាញនូវ​សេចក្ដី​ស្រឡាញ់​នោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​វិញ​ណាស់។

មាតា​បិតា​ជា​ច្រើន​សព្វ​ថ្ងៃ​ក៏​មិន​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន​របស់​ខ្លួន​ដែរ។ មនុស្ស​ខ្លះ​បាន​ធំ​ឡើង​ក្នុង​រង្វង់​គ្រួសារ​ដែល​មិន​សូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឡើយ ហេតុ​នេះ​ពួក​គេ​មិន​ដឹង​ថា ពួក​គេ​អាច​មាន​ជីវិត​ប្រកប​ទៅ​ដោយ​សុភមង្គល​និង​ភាព​សប្បាយ​រីករាយ​ច្រើន​ជាង បើ​ពួក​គេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ ហើយ​មាន​អ្នក​ដទៃ​បង្ហាញ​សេចក្ដី​ស្រឡាញ់​វិញ​នោះ។ ក្នុង​ករណី​តូរូ​នោះ ប្រហែល​ដូច្នេះ​មែន។ ពេល​គាត់​នៅ​ក្មេង​នៅ​ឡើយ ឪពុក​គាត់​រវល់​តែ​ធ្វើ​ការ​ប៉ុណ្ណោះ ហើយ​បាន​មក​ដល់​ផ្ទះ​យប់ៗ។ ឪពុក​របស់​តូរូ​មិន​សូវ​និយាយ​ជា​មួយ​គាត់​ទេ ហើយ​កាល​ណា​និយាយ​ជា​មួយ​គាត់​នោះ​ច្រើន​តែ​ជេរ​គាត់​ទៅ​វិញ។ ម្ដាយ​របស់​តូរូ​ក៏​បាន​ធ្វើ​ការ​ផង​ដែរ ហើយ​មិន​សូវ​ចំណាយ​ពេល​ជា​មួយ​គាត់​ទេ។ តូរូ​ច្រើន​តែ​នៅ​ផ្ទះ​មើល​ទូរទស្សន៍​ម្នាក់​ឯង។ ក្រុម​គ្រួសារ​របស់​តូរូ​មិន​មាន​ការ​ប្រស្រ័យ​ទាក់ទង​គ្នា ហើយ​ក៏​មិន​ចេះ​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

វប្បធម៌​អាច​ជា​មូលហេតុ​មួយ​ទៀត​ដែល​រង្វង់​គ្រួសារ​ខ្លះ​មិន​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ នៅ​ទី​កន្លែង​ខ្លះ​ក្នុង​ទ្វីប​អាមេរិក​ឡាទីន​នោះ បុរស​ត្រូវ​ធ្វើ​ផ្ទុយ​ពី​ទំនៀម​ទំលាប់​ក្នុង​តំបន់​នោះ ទើប​គាត់​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ភរិយា​បាន។ នៅ​ប្រទេស​ជា​ច្រើន​នា​ទ្វីប​អាស៊ី​និង​អា​ព្រិច​ដែរ ការ​ពោល​ពាក្យ​ឬ​ការ​ប្រព្រឹត្ត​បែប​ណា​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ គេ​ចាត់​ទុក​ថា​ធ្វើ​ខុស​វប្បធម៌​ជាតិ។ ប្រហែល​ជា​ស្វាមី​ខ្លះ​មាន​អារម្មណ៍​មិន​ស្រួល​និយាយ​ថា​៖ «បង​ស្រឡាញ់​អូន» ឬ​«ប៉ា​ស្រឡាញ់​កូន»។ ក៏​ប៉ុន្តែ យើង​អាច​ទាញ​មេ​រៀន​ពី​ក្រុម​គ្រួសារ​ដំបូង​បង្អស់ ដែល​ជា​គំរូ​ស្តី​អំពី​ចំណង​មេត្រីភាព​រវាង​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដែល​ជិត​ស្និទ្ធ​នឹង​គ្នា​តាំង​ពី​យូរ​ណាស់​មក​ហើយ។

គំរូ​ពី​ចំណង​មេត្រីភាព​ក្នុង​ក្រុម​គ្រួសារ

គំរូ​ដ៏​ល្អ​បំផុត​ដែល​ជា​គំរូ​ពី​ចំណង​មេត្រីភាព​ក្នុង​ក្រុម​គ្រួសារ​នោះ គឺ​ជា​សម្ព័ន្ធ​មេត្រីភាព​រវាង​ព្រះ​យេហូវ៉ា​និង​រាជ​បុត្រ​តែ​មួយ​គត់​ដែល​ទ្រង់​បាន​បង្កើត​ផ្ទាល់។ ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ។ អស់​រាប់​សិប​ពាន់​សតវត្ស​ដែល​ព្រះ​យេស៊ូ​ជា​បុគ្គល​វិញ្ញាណ​មួយ​រូប មុន​នឹង​ចាប់​កំណើត​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ទ្រង់​បាន​រីករាយ​នឹង​ចំណង​មេត្រីភាព​ដែល​ទ្រង់​មាន​ជា​មួយ​បិតា​របស់​ទ្រង់។ ព្រះ​យេស៊ូ​ពិពណ៌នា​ប្រាប់​ពី​ចំណង​មេត្រីភាព​នោះ​ថា​៖ «អញ​ជា​ទីគាប់​ព្រះ​ហឫទ័យ​ទ្រង់​រាល់ៗ​ថ្ងៃ ព្រម​ទាំង​មាន​សេចក្ដីរីករាយ​នៅ​ចំពោះ​ទ្រង់​ជានិច្ច»។ (សុភាសិត ៨:៣០) រាជ​បុត្រ​នេះ​ជ្រាប​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​វរបិតា​ស្រឡាញ់​ទ្រង់ ដល់​ម្ល៉េះ​បាន​ជា​ព្រះ​យេស៊ូ​អាច​ប្រាប់​អ្នក​ដទៃ​ថា ទ្រង់​ជា​ទីគាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ។ ព្រះ​យេស៊ូ​ក៏​មាន​ព្រះ​ទ័យ​រីករាយ​ជានិច្ច ឲ្យ​តែ​នៅ​ជា​មួយ​ព្រះ​វរបិតា។

សូម្បីតែ​ពេល​ដែល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​ជា​មនុស្ស​នៅ​លើ​ផែនដី​នេះ​ក៏​ដោយ ព្រះ​វរបិតា​បាន​រំឭក​រាជ​បុត្រ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​ទ្រង់​មាន​ចំពោះ​រាជបុត្រា​របស់​ទ្រង់​នោះ។ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទ្រង់​បាន​ឮ​ព្រះ​សូរ​សៀង​របស់​បិតា​ទ្រង់​ដែល​មាន​បន្ទូល​ថា​៖ «នេះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»។ (ម៉ាថាយ ៣:១៧) ព្រះ​បន្ទូល​នោះ​ពិត​ជា​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដែល​លើក​ទឹក​ចិត្ត ពេល​ដែល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​កិច្ចការ​របស់​ទ្រង់​នៅ​លើ​ផែនដី។ ព្រះ​យេស៊ូ​ច្បាស់​ជា​មាន​ព្រះទ័យ​កក់ក្ដៅ​ណាស់​ពេល​ទ្រង់​ឮ​ព្រះ​វរបិតា​មាន​បន្ទូល​ថា ទ្រង់​ជា​ទី​ពេញ​ព្រះ​ហឫទ័យ​ចំពោះ​ព្រះ​វរបិតា​របស់​ទ្រង់​ណាស់​នៅ​ពេល​ដំណាល​គ្នា​ដែល​ទ្រង់​នឹក​ចាំ​បាន​ទាំង​អស់​ឡើង​វិញ​អំពី​ព្រះ​ជន្ម​របស់​ទ្រង់​នៅ​ស្ថានសួគ៌​នោះ។

របៀប​នេះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​តាំង​គំរូ​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​យ៉ាង​ពេញលេញ ចំពោះ​ក្រុម​គ្រួសារ​របស់​ទ្រង់​ទូទាំង​សកលលោក​នេះ។ បើ​យើង​ជឿ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ព្រះ​យេហូវ៉ា​នឹង​ស្រឡាញ់​យើង​ដែរ។ (យ៉ូហាន ១៦:២៧) ទោះ​ជា​យើង​នឹង​មិន​ឮ​ព្រះ​សូរ​សៀង​ពី​ស្ថានសួគ៌​ពិត​មែន ប៉ុន្តែ យើង​នឹង​ទទួល​ស្គាល់​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​តាម​រយៈ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត តាម​រយៈ​ការ​រៀប​ចំ​ឲ្យ​ព្រះ​យេស៊ូ​ផ្ដល់​នូវ​យញ្ញបូជា​លោះ ហើយ​តាម​របៀប​ផ្សេងៗ​ទៀត​ដែរ។ (យ៉ូហានទី១ ៤:៩, ១០) ព្រះ​យេហូវ៉ា​ក៏​ព្រះ​សណ្ដាប់​នូវ​សេចក្ដី​អធិស្ឋាន​របស់​យើង ហើយ​ទ្រង់​ក៏​ឆ្លើយ​នូវ​សេចក្ដី​អធិស្ឋាន​នោះ​តាម​របៀប​ដែល​ផ្ដល់​ប្រយោជន៍​ច្រើន​បំផុត​ដល់​យើង។ (ទំនុកដំកើង ១៤៥:១៨; អេសាយ ៤៨:១៧) ពេល​ដែល​យើង​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ចំណង​មេត្រីភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា យើង​ក៏​មាន​កតញ្ញូ​ធម៌​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​ការ​ថែទាំ​ពី​ទ្រង់ ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។

ព្រះ​យេស៊ូ​បាន​រៀន​ពី​ព្រះ​វរបិតា​របស់​ទ្រង់ នូវ​របៀប​បង្ហាញ​ការ​យោគ​យល់ ការ​យល់​ចិត្ត សេចក្ដី​សប្បុរស និង​ការ​យក​ព្រះទ័យ​ទុក​ដាក់​អស់​ពី​ជំរៅ​ព្រះទ័យ​ចំពោះ​អ្នក​ដទៃ។ ព្រះ​យេស៊ូ​បាន​ពន្យល់​ថា​៖ «ការ​អ្វី​ដែល​ព្រះ​វរបិតា​ធ្វើ នោះ​ព្រះ​រាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ ពីព្រោះ​ព្រះ​វរបិតា​ទ្រង់​ស្រឡាញ់​ព្រះ​រាជបុត្រា ហើយ​ក៏​បង្ហាញ ឲ្យ​ព្រះ​រាជបុត្រា​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ​ដែរ»។ (យ៉ូហាន ៥:១៩, ២០) រីឯ​យើង​វិញ យើង​ក៏​អាច​រៀន​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែរ ដោយ​ពិនិត្យ​មើល​គំរូ​ដែល​ព្រះ​យេស៊ូ​បាន​តាំង​ឲ្យ​យើង ពេល​ដែល​ទ្រង់​គង់​នៅ​លើ​ផែនដី​នៅ​ឡើយ។—ភីលីព ១:៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

តើ​អាច​បង្កើត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ក្នុង​រង្វង់​គ្រួសារ​ដោយ​ដូច​ម្ដេច?

​«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់» ហើយ​យើង​បាន​ត្រូវ​បង្កើត​មក​«ឲ្យ​ដូច​រូប​អង្គ​ទ្រង់»​ដែរ ដូច្នេះ យើង​ក៏​មាន​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​ចង់​ឲ្យ​អ្នក​ដទៃ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​យើង​វិញ​ដែរ។ (យ៉ូហានទី១ ៤:៨; លោកុប្បត្តិ ១:២៦, ២៧) ប៉ុន្តែ ថ្វី​បើ​យើង​មាន​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ នេះ​មិន​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្ដិ​ឡើយ។ មុន​នឹង​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គូ​អាពាហ៍ពិពាហ៍​និង​កូន​របស់​យើង យើង​ត្រូវ​តែ​មាន​អារម្មណ៍​ឬ​មាន​ចិត្ត​ស្រឡាញ់​ពួក​គេ។ ចូរ​មើល​ហើយ​កត់​សម្គាល់​នូវ​គុណសម្បត្ដិ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ពួក​គេ មិន​ថា​តូច​ក៏​ដោយ ហើយ​រំពឹង​គិត​ពី​គុណសម្បត្ដិ​របស់​ពួក​គេ​នោះ។ អ្នក​ប្រហែល​ជា​ប្រកែក​ថា​៖ ‹ប្ដី[ឬ​ក៏​ប្រពន្ធ​កូន]របស់​ខ្ញុំ គ្មាន​គុណសម្បត្ដិ​ណា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទេ›។ អស់​អ្នក​ដែល​រៀប​អាពាហ៍ពិពាហ៍​ដោយ​មាតា​បិតា​រៀប​ចំ​ឡើង​នោះ ប្រហែល​ជា​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គូ​របស់​ខ្លួន​ទេ។ គូ​ស្វាមី​ភរិយា​ខ្លះ​ប្រហែល​ជា​មិន​ធ្លាប់​ចង់​បាន​កូន​សោះ។ យ៉ាង​ណា​ក៏​ដោយ សូម​ពិចារណា​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សាសន៍​អ៊ីស្រាអែល​នៅ​សតវត្ស​ទី​ដប់​មុន​ស.យ. ដែល​សាសន៍​នោះ​ប្រៀប​ដូច​ជា​ភរិយា​របស់​ទ្រង់។ ទោះ​ជា​ព្យាការី​អេលីយ៉ា​សន្និដ្ឋាន​ថា ក្នុង​ចំណោម​សាសន៍​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់​នោះ គ្មាន​អ្នក​ណា​ទៀត​នៅ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទេ នោះ​ព្រះ​យេហូវ៉ា​បាន​ពិនិត្យ​មើល​ពួក​គេ​យ៉ាង​ដិត​ដល់ ហើយ​បាន​រក​ឃើញ​ជា​ច្រើន​នាក់ គឺ​មាន​៧.០០០​នាក់​ដែល​មាន​គុណសម្បត្ដិ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់។ តើ​អ្នក​អាច​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​បាន​ទេ ដោយ​សម្គាល់​ពី​គុណសម្បត្ដិ​ល្អៗ​នៃ​ក្រុម​គ្រួសារ​របស់​អ្នក?—ពង្សាវតារក្សត្រទី១ ១៩:១៤​-​១៨

ប៉ុន្តែ បើ​អ្នក​ចង់​ឲ្យ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​ដឹង​ថា អ្នក​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ នោះ​អ្នក​ត្រូវ​ប្ដេជ្ញា​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ។ ពេល​ណា​ដែល​អ្នក​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​សរសើរ​នោះ ចូរ​ប្រាប់​ពី​ចិត្ត​អបអរ​របស់​អ្នក​ចុះ! ការ​រៀប​រាប់​ក្នុង​បន្ទូល​របស់​ព្រះ​អំពី​ស្ត្រី​គ្រប់​ល័ក្ខណ៍​នោះ បញ្ជាក់​នូវ​លក្ខណៈ​ដ៏​ល្អ​មួយ​នៃ​ក្រុម​គ្រួសារ​របស់​នាង ពោល​គឺ​៖ «កូន​របស់​នាង​ទាំង​ប៉ុន្មាន ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្ដាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​នាង​ដែរ»។ (សុភាសិត ៣១:២៨) សូម​កត់​សម្គាល់​ថា សមាជិក​ក្នុង​ក្រុម​គ្រួសារ​នោះ​មិន​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រាប់​ពី​ចិត្ត​អបអរ​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ។ ពេល​ដែល​ស្វាមី​សរសើរ​ភរិយា​នោះ គាត់​តាំង​គំរូ​ល្អ​សំរាប់​កូន​ប្រុស​របស់​ខ្លួន ដែល​លើក​ទឹក​ចិត្ត​ឲ្យ​កូន​សរសើរ​គូ​របស់​ខ្លួន​ពេល​ដែល​គេ​រៀប​ការ​នោះ។

ម្យ៉ាង​ទៀត មាតា​បិតា​គួរ​សរសើរ​កូន​របស់​ខ្លួន។ ទង្វើ​នេះ​អាច​ជួយ​បណ្ដុះ​ឲ្យ​កូន​ស្រឡាញ់​ខ្លួន​ឯង ត្បិត​បើ​កូន​មិន​មាន​ស្រឡាញ់​ខ្លួន​ឯង​ទេ នោះ​តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​កូន​អាច​«ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួន​ឯង»​បាន? (ម៉ាថាយ ២២:៣៩) ផ្ទុយ​ទៅ​វិញ បើ​មាតា​បិតា​តិះដៀល​កូន​ជានិច្ច ហើយ​មិន​សរសើរ​កូន​របស់​គេ​សោះ នោះ​កូន​អាច​ចាប់​ផ្ដើម​លែង​ស្រឡាញ់​ខ្លួន ហើយ​ក៏​អាច​មាន​ការ​ពិបាក​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ​ដែរ។—អេភេសូរ ៤:៣១, ៣២

អ្នក​អាច​រក​ជំនួយ​បាន

ចុះ​យ៉ាង​ណា​វិញ​បើ​អ្នក​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់? អ្នក​នៅ​តែ​អាច​រៀន​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បាន​ដែរ។ ដំបូង​បង្អស់ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា ខ្លួន​មាន​ការ​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​មែន ហើយ​ក៏​ត្រូវ​យល់​នូវ​មូលហេតុ​ដែល​អ្នក​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង។ ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ​អាច​ជួយ​អ្នក​បាន​ច្រើន​ណាស់។ ព្រះ​គម្ពីរ​ប្រៀប​ដូច​ជា​កញ្ចក់។ ពេល​ដែល​យើង​ពិនិត្យ​មើល​ខ្លួន​ឯង ដោយ​ពិចារណា​សេចក្ដី​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ ដែល​អាច​ប្រៀប​ដូច​ជា​កញ្ចក់​នោះ យើង​អាច​ឆ្លុះ​ឃើញ​នូវ​ភាព​ទន់ខ្សោយ​ឬ​គំនិត​ខុស​ឆ្គង​របស់​យើង​បាន។ (យ៉ាកុប ១:២៣) ស្រប​ទៅ​តាម​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ យើង​អាច​កែ​ប្រែ​ចិត្ត​គំនិត​របស់​យើង​ដែល​មិន​ត្រឹម​ត្រូវ។ (អេភេសូរ ៤:២០​-​២៤; ភីលីព ៤:៨, ៩) យើង​ត្រូវ​ធ្វើ​នេះ​ជា​ទៀងទាត់ ដោយ​‹មិន​ណាយ​ចិត្ត​ធ្វើ​ការ​ល្អ​ឡើយ›។—កាឡាទី ៦:៩

មនុស្ស​ខ្លះ​មាន​ការ​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់ អាស្រ័យ​លើ​របៀប​ដែល​ពួក​គេ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ ឬ​ដោយសារ​ទំនៀម​ទំលាប់។ ប៉ុន្តែ ការ​ស្រាវជ្រាវ​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា មនុស្ស​អាច​ឈ្នះ​លើ​ឧបសគ្គ​បែប​នេះ​បាន។ លោក​បណ្ឌិតដានីយ៉ែល ហ្គលម៉ាន់ ជា​អ្នក​ជំនាញ​ខាង​សុខភាព​ផ្នែក​ផ្លូវ​ចិត្ត ហើយ​លោក​ពន្យល់​ថា​៖ ‹យើង​អាច​កែ​ប្រែ​ចិត្ត​គំនិត​របស់​យើង​បាន សូម្បីតែ​ចិត្ត​គំនិត​ដែល​យើង​មាន​តាំង​ពី​តូច​មក​ក៏​ដោយ​›។ ជាង​១.៩០០​ឆ្នាំ​មុន​នេះ ព្រះ​គម្ពីរ​បញ្ជាក់​ថា ទោះបី​នោះ​ជា​ចរិត​របស់​យើង​ដែល​មាន​តាំង​ពី​តូច​មក​ក៏​ដោយ នៅ​ទីបំផុត​យើង​ក៏​អាច​កែ​ប្រែ​បាន​ដោយសារ​ជំនួយ​ពី​វិញ្ញាណ​របស់​ព្រះ។ ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ថា​៖ «ចូរ​ដោះ​លក្ខណៈ​ចាស់​និង​ការ​ប្រព្រឹត្ត​នោះ​ចោល ហើយ​ប្រដាប់​ខ្លួន​ដោយ​លក្ខណៈ​ថ្មី​វិញ»។—កូល៉ុស ៣:៩, ១០, ព.ថ.

ក្រោយ​ពី​បាន​ដឹង​ពី​មូលហេតុ​នៃ​បញ្ហា​ទាំង​នេះ​រួច​ហើយ ក្រុម​គ្រួសារ​អាច​សិក្សា​ព្រះ​គម្ពីរ​ដោយ​ពិនិត្យ​មើល​តម្រូវ​ការ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ សូម​បើក​មើល​ព្រះ​គម្ពីរ​ដើម្បី​ដឹង​ថា តើ​ព្រះ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់? អ្នក​អាច​រក​ឃើញ​ខគម្ពីរ​ដូច​ត​ទៅ​នេះ​ថា​៖ «អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ពី​សេចក្ដី​អត់ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា[«ស្រឡាញ់»​, ព.ថ.] នឹង​សេចក្ដី​អាណិតអាសូរ​ពោរពេញ​ដែរ»។ (យ៉ាកុប ៥:១១) រួច​មក សូម​ពិនិត្យ​មើល​កំណត់​ហេតុ​អំពី​លោក​យ៉ូប ហើយ​ផ្ចង់​អារម្មណ៍​លើ​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ហឫទ័យ​ស្រឡាញ់​និង​សេចក្ដី​អាណិតអាសូរ​ចំពោះ​យ៉ូប។ អ្នក​ច្បាស់​ជា​នឹង​ចង់​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ទាំង​អាណិតអាសូរ​ចំពោះ​ក្រុម​គ្រួសារ​របស់​អ្នក​មែន។

ក៏​ប៉ុន្តែ យើង​ជា​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍ ហើយ​យើង​«ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ​ដែរ» ដោយ​សំដី​របស់​យើង។ (យ៉ាកុប ៣:២) ក្នុង​រង្វង់​គ្រួសារ​ប្រហែល​ជា​ពាក្យ​សំដី​របស់​យើង​មិន​បាន​និយាយ​តាម​របៀប​ដែល​លើក​ទឹក​ចិត្ត​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​អធិស្ឋាន​និង​ពឹងផ្អែក​លើ​ព្រះ​យេហូវ៉ា។ កុំ​ចុះ​ចាញ់​ឡើយ។ «ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ»​ចុះ! (ថែស្សាឡូនីចទី១ ៥:១៧) ព្រះ​យេហូវ៉ា​នឹង​ជួយ​អស់​អ្នក​ដែល​ចង់​បាន​សេចក្ដី​ស្រឡាញ់​ក្នុង​រង្វង់​គ្រួសារ ព្រម​ទាំង​ពួក​អ្នក​ដែល​ចង់​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ប៉ុន្តែ​ចេះ​តែ​មាន​ចិត្ត​ស្ទាក់ស្ទើរ​វិញ។

បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​មេត្ដា​ដោយ​ជួយ​យើង​តាម​រយៈ​ក្រុមជំនុំ​គ្រីស្ទាន។ យ៉ាកុប​បាន​សរសេរ​ថា​៖ «តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​ឈឺ​[ខាង​វិញ្ញាណ]​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់​ផង»។ (យ៉ាកុប ៥:១៤) មែន​ហើយ ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា អាច​ជួយ​បាន​ច្រើន​ណាស់ នូវ​សមាជិក​គ្រួសារ​ដែល​មាន​ការ​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​ពួក​អ្នក​ចាស់​ទុំ​មិន​មែន​ជា​អ្នក​ចិត្ត​វិទ្យា​ក៏​ដោយ ពួក​គេ​អាច​ជួយ​យ៉ាង​អត់ធ្មត់​នូវ​ពួក​អ្នក​រួម​ជំនឿ មិន​មែន​ដោយ​ប្រាប់​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ​ទេ តែ​ដោយ​រំឭក​ពួក​គេ​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ហើយ​ដោយ​អធិស្ឋាន​ជា​មួយ​ពួក​គេ​និង​ដើម្បី​ពួក​គេ​ផង​ដែរ។—ទំនុកដំកើង ១១៩:១០៥; កាឡាទី ៦:១

រីឯ​តូរូ​និង​យ៉ូកូ​នោះ ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​បាន​ស្ដាប់​ពួក​គេ​រៀប​រាប់អំពី​បញ្ហា​នោះ ហើយ​បាន​ជួយ​សំរាល​ទុក្ខ​របស់​ពួក​គេ​ផង​ដែរ។ (ពេត្រុសទី១ ៥:២, ៣) ម្ដងម្កាល​អ្នក​ចាស់​ទុំ​ម្នាក់​និង​ភរិយា​គាត់​បាន​ទៅ​លេង​យ៉ូកូ ដើម្បី​ឲ្យ​នាង​ទទួល​ប្រយោជន៍​ពី​ការ​សេពគប់​ជា​មួយ​ស្ត្រី​គ្រីស្ទាន​ម្នាក់​ដែល​អាច​ជួយ​យ៉ូកូ​«ឲ្យ​ដឹង​ខ្លួន​ឡើង ដើម្បី​ឲ្យ​[នាង]ចេះ​ស្រឡាញ់​ប្ដី»។ (ទីតុស ២:៣, ៤, ព.ថ.) ពួក​អ្នក​ចាស់​ទុំ​បាន​ក្លាយ​ជា​«ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា» ដោយ​បង្ហាញ​នូវ​ក្ដី​យោគ​យល់​និង​ស​មាន​ចិត្ត​ចំពោះ​ការ​រង​ទុក្ខ​និង​ការ​ពិបាក​ចិត្ត​របស់​បងប្អូន​គ្រីស្ទាន​នោះ។—អេសាយ ៣២:១, ២

ដោយ​បាន​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ តូរូ​បាន​ទទួល​ស្គាល់​ថា គាត់​មាន​ការ​ពិបាក​បង្ហាញ​មនោសញ្ចេតនា​របស់​ខ្លួន ហើយ​គាត់​ក៏​ទទួល​ស្គាល់​ថា ក្នុង​ថ្ងៃ​«ជាន់​ក្រោយ​បង្អស់»​នេះ សាតាំង​កំពុង​តែ​ពាធា​ទៅ​លើ​ក្រុម​គ្រួសារ​ទាំង​ឡាយ។ (ធីម៉ូថេទី២ ៣:១) តូរូ​សម្រេច​ចិត្ត​ចង់​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន។ តូរូ​បាន​យល់​ឃើញ​ថា គាត់​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ ពីព្រោះ​មិន​សូវ​មាន​អ្នក​ណា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គាត់​ពេល​ដែល​ធំ​ឡើង​នោះ​ទេ។ ពេល​ដែល​តូរូ​ប្រឹង​សិក្សា​ព្រះ​គម្ពីរ​ហើយ​អធិស្ឋាន​នោះ យូរៗ​ទៅ​គាត់​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ចិត្ត​របស់​ប្រពន្ធ​គាត់​បាន។

ទោះ​ជា​យ៉ូកូ​ខឹង​នឹង​តូរូ​ពី​មុន​ក្ដី តែ​ពេល​ដែល​នាង​យល់​អំពី​ប្រវត្ដិ​គ្រួសារ​របស់​ស្វាមី​ពី​មុនៗ ហើយ​ពេល​ដែល​នាង​ទទួល​ស្គាល់​ភាព​ទន់ខ្សោយ​របស់​ខ្លួន​ដែរ នោះ​យ៉ូកូ​បាន​ខំ​ប្រឹង​សម្គាល់​នូវ​គុណសម្បត្ដិ​ល្អៗ​របស់​ស្វាមី​ខ្លួន។ (ម៉ាថាយ ៧:១​-​៣; រ៉ូម ៥:១២; កូល៉ុស ៣:១២​-​១៤) យ៉ូកូ​បាន​អង្វរ​ព្រះ​យេហូវ៉ា សូម​ទ្រង់​ជួយ​ពង្រឹង​កម្លាំង​នាង​ឲ្យ​បន្ត​ស្រឡាញ់​ស្វាមី។ (ភីលីព ៤:៦, ៧) តូរូ​ចាប់​ផ្ដើម​បង្ហាញ​សេចក្ដី​ស្រឡាញ់​បន្ដិច​ម្ដងៗ ហើយ​យ៉ូកូ​ពិត​ជា​ត្រេកអរ​ណាស់។

ត្រូវ​ហើយ បើ​អ្នក​មាន​ការ​ពិបាក​បង្ហាញ​សេចក្ដីស្រឡាញ់​ក្នុង​រង្វង់​គ្រួសារ អ្នក​ពិត​ជា​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​បាន។ បន្ទូល​របស់​ព្រះ​ផ្ដល់​ការ​ណែនាំ​ដ៏​ល្អ​ប្រសើរ។ (ទំនុកដំកើង ១៩:៧) ទោះ​ជា​មាន​អ្វី​ដែល​មើល​ទៅ​ដូច​ជា​ឧបសគ្គ​ដ៏​ធំ​ក៏​ដោយ យើង​អាច​យក​ឈ្នះ​ឧបសគ្គ​នោះ​បាន​ដោយ​ទទួល​ស្គាល់​រឿង​នេះ​ជា​រឿង​ដ៏​សំខាន់ ហើយ​ដោយ​ខំ​សម្គាល់​គុណសម្បត្ដិ​ល្អៗ​នៃ​ក្រុម​គ្រួសារ​យើង ព្រម​ទាំង​សិក្សា​និង​អនុវត្ត​តាម​បន្ទូល​របស់​ព្រះ និង​ពឹងពាក់​ជំនួយ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ត ហើយ​ដោយ​ស្វែង​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន។ (ពេត្រុសទី១ ៥:៧) អ្នក​ក៏​អាច​រីករាយ​ដែរ​ដូច​ស្វាមី​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ភរិយា​របស់​គាត់។ នៅ​ទីបំផុត​ស្វាមី​នោះ​បង្កើត​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​និយាយ​ថា​៖ «បង​ស្រឡាញ់​អូន» គាត់​ភ្ញាក់ផ្អើល​នឹង​របៀប​ដែល​ភរិយា​តប​មក​វិញ។ នាង​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​ក្ដី​រំភើប ទាំង​ពោលថា​៖ «អូន​ក៏​ស្រឡាញ់​បង​ដែរ តែ​អស់​រយៈ​ពេល​២៥​ឆ្នាំ​ហើយ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អូន​បាន​ឮ​ពាក្យ​នេះ​ចេញ​ពី​ដួង​ចិត្ត​របស់​បង»។ រីឯ​អ្នក​វិញ កុំ​ចាំ​អស់​២៥​ឆ្នាំ​ឡើយ! ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គូ​អាពាហ៍ពិពាហ៍​និង​កូនៗ​របស់​អ្នក។

[កំណត់​សម្គាល់]

^ វគ្គ 2 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

[រូបភាព​នៅ​ទំព័រ​១០]

ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​តាម​រយៈ ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ទ្រង់