ចូរស្ដាប់បង្គាប់និងមានចិត្ដក្លាហានដូចគ្រិស្ដ
ចូរស្ដាប់បង្គាប់និងមានចិត្តក្លាហានដូចគ្រិស្ត
«ចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»។—យ៉ូន. ១៦:៣៣
១. តើលោកយេស៊ូបានចុះចូលស្ដាប់បង្គាប់ព្រះដល់កម្រិតណា?
លោកយេស៊ូបានធ្វើតាមបំណងប្រាថ្នារបស់ព្រះជានិច្ច។ លោកតែងតែមានចិត្តចង់ស្ដាប់បង្គាប់បិតារបស់លោកនៅស្ថានសួគ៌ ហើយមិនដែលមានគំនិតផ្ទុយពីនេះទេសូម្បីតែម្ដងក៏ដោយ។ (យ៉ូន. ៤:៣៤; ហេ. ៧:២៦) ប៉ុន្តែ អ្វីដែលលោកបានពិសោធនៅផែនដី គឺមិនធ្វើឲ្យលោកស្រួលស្ដាប់បង្គាប់ឡើយ។ តាំងពីពេលលោកយេស៊ូចាប់ផ្ដើមផ្សព្វផ្សាយ ពួកសត្រូវរបស់លោកដែលរួមបញ្ចូលសាថាន បានព្យាយាមបញ្ចុះបញ្ចូល បញ្ឆោត ឬបង្ខំលោកឲ្យលែងស្មោះត្រង់ទៀត។ (ម៉ាថ. ៤:១-១១; លូក. ២០:២០-២៥) ពួកសត្រូវទាំងនេះធ្វើឲ្យលោកឈឺចាប់យ៉ាងខ្លាំងខាងផ្លូវចិត្ត ខាងរាងកាយ និងខាងគំនិតប្រាជ្ញាផងដែរ។ នៅទីបំផុត ពួកគេបានសម្លាប់លោកលើបង្គោលទារុណកម្ម។ (ម៉ាថ. ២៦:៣៧, ៣៨; លូក. ២២:៤៤; យ៉ូន. ១៩:១, ១៧, ១៨) ក្នុងអំឡុងពេលលោកជួបប្រទះបញ្ហាទាំងនោះ លោកយេស៊ូបានបន្ត«ចុះចូលស្ដាប់បង្គាប់រហូតដល់ត្រូវស្លាប់» ទោះជាលោកបានរងទុក្ខលំបាកយ៉ាងខ្លាំងក៏ដោយ។—សូមអាន ភីលីព ២:៨
២, ៣. តើយើងអាចទាញមេរៀនអ្វីពីបទពិសោធន៍របស់លោកយេស៊ូក្នុងការស្ដាប់បង្គាប់ទោះជាលោករងទុក្ខក៏ដោយ?
២ បទពិសោធន៍របស់លោកយេស៊ូពេលនៅផែនដីបានបង្រៀនលោកឲ្យយល់ថា ការស្ដាប់បង្គាប់ព្រះពេលមានទុក្ខលំបាកគឺពិបាកយ៉ាងណា។ នេះជាអ្វីដែលលោកមិនដែលពិសោធពីមុនទេ។ (ហេ. ៥:៨) ស្តីអំពីការបម្រើព្រះ ប្រហែលជាមើលទៅដូចជាលោកយេស៊ូមិនត្រូវការ រៀនអ្វីទៀតទេ។ យ៉ាងណាមិញ លោកបានជិតស្និទ្ធជាមួយព្រះយេហូវ៉ាអស់រាប់លានឆ្នាំ ព្រមទាំងធ្វើជា«មេជាង»របស់ព្រះក្នុងអំឡុងពេលដែលព្រះបានបង្កើតរបស់សព្វសារពើ។ (សុភ. ៨:៣០) ទោះជាយ៉ាងនោះក្ដី ពេលលោកបានស៊ូទ្រាំនៅផែនដីដោយរក្សាជំនឿ ថ្វីបើរងទុក្ខក៏ដោយ នេះបានបញ្ជាក់ថាលោកមានចិត្តស្មោះគ្រប់លក្ខណៈ។ លោកយេស៊ូដែលជាបុត្ររបស់ព្រះមានភាពជិតស្និទ្ធជាងមុនជាមួយបិតានៅស្ថានសួគ៌។ តើយើងអាចទាញមេរៀនអ្វីពីបទពិសោធន៍របស់លោក?
៣ លោកយេស៊ូជាមនុស្សល្អឥតខ្ចោះ ប៉ុន្តែដើម្បីស្ដាប់បង្គាប់ព្រះយ៉ាងល្អឥតខ្ចោះ លោកមិនបានពឹងទៅលើខ្លួនលោកឡើយ។ លោកបានអធិដ្ឋានសុំជំនួយពីព្រះដើម្បីអាចស្ដាប់បង្គាប់ជានិច្ច។ (សូមអាន ហេប្រឺ ៥:៧) យើងក៏ដូចគ្នាដែរ ដើម្បីបន្តស្ដាប់បង្គាប់ យើងត្រូវមានចិត្តរាបទាប ហើយអធិដ្ឋានសុំជំនួយពីព្រះយ៉ាងទៀងទាត់។ នេះជាមូលហេតុដែលសាវ័កប៉ូលបានជូនឱវាទពួកគ្រិស្តសាសនិកថា៖ «ចូររក្សាឲ្យមានចិត្តគំនិតបែបនេះជានិច្ច គឺចិត្តគំនិតដូចគ្រិស្តយេស៊ូ» ដែល«បានបន្ទាបខ្លួនហើយចុះចូលស្ដាប់បង្គាប់រហូតដល់ត្រូវស្លាប់»។ (ភី. ២:៥-៨) គន្លងជីវិតរបស់លោកជាភ័ស្តុតាងបញ្ជាក់ថា មនុស្សអាចស្ដាប់បង្គាប់បាន សូម្បីតែនៅក្នុងសង្គមអាក្រក់ក្ដី។ ប៉ុន្តែ លោកយេស៊ូជាមនុស្សល្អឥតខ្ចោះ ចុះចំពោះយើងដែលជាមនុស្សមិនល្អឥតខ្ចោះវិញនោះ?
ទោះជាមានភាពមិនល្អឥតខ្ចោះ ក៏អាចស្ដាប់បង្គាប់បាន
៤. ដោយព្រះបានបង្កើតយើងជាមនុស្សដែលមានចិត្តសេរី តើនេះមានន័យអ្វីសម្រាប់យើង?
៤ ព្រះបានបង្កើតអាដាមនិងអេវ៉ាជាមនុស្សដែលមានសតិបញ្ញានិងចិត្តសេរី។ ដោយសារយើងជាកូនចៅរបស់ពួកគេ យើងក៏មានចិត្តសេរីដែរ។ តើការមានចិត្តសេរីមានន័យអ្វី? នេះមានន័យថាយើងមានសេរីភាពសម្រេចចិត្តធ្វើល្អឬធ្វើអាក្រក់បាន។ បើនិយាយឲ្យចំទៅ ព្រះឲ្យយើងសេរីភាពសម្រេចថា យើងស្ដាប់បង្គាប់ឬមិនស្ដាប់បង្គាប់លោក។ ដោយមានសេរីភាពនេះ យើងក៏មានភារកិច្ចទទួលខុសត្រូវស្តីអំពីជម្រើសរបស់យើងដែរ។ ប្រាកដហើយ ការសម្រេចចិត្តរបស់យើងស្តីអំពីការធ្វើល្អឬអាក្រក់ ទាក់ទងនឹងជីវិតស្លាប់រស់របស់យើង ហើយក៏មានឥទ្ធិពលទៅលើមនុស្សនៅជុំវិញយើងផង។
៥. តើយើងគ្រប់គ្នាត្រូវតស៊ូដើម្បីធ្វើអ្វី? ហើយតើយើងអាចទទួលជោគជ័យក្នុងរឿងនេះយ៉ាងដូចម្ដេច?
៥ មនុស្សយើងពិបាកស្ដាប់បង្គាប់ ដោយព្រោះយើងបានឆ្លងភាពមិនល្អឥតខ្ចោះពីអាដាមនិងអេវ៉ា។ ការធ្វើតាមច្បាប់របស់ព្រះរាល់ដងគឺមិនស្រួលទេ។ ប៉ូលត្រូវតស៊ូទើបអាចស្ដាប់បង្គាប់បាន។ គាត់បានសរសេរថា៖ «ខ្ញុំសង្កេតឃើញថា មានច្បាប់មួយទៀតក្នុងអវយវៈរបស់ខ្ញុំ ដែលកំពុងច្បាំងនឹងច្បាប់ដែលនៅក្នុងគំនិតខ្ញុំ ហើយកំពុងនាំខ្ញុំទៅជាឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង ដែលនៅក្នុងអវយវៈរបស់ខ្ញុំ»។ (រ៉ូម ៧:២៣) ពិតមែន បើយើងមិនឈឺចាប់ មានបញ្ហា ឬត្រូវលះបង់ នោះស្រួលឲ្យយើងស្ដាប់បង្គាប់ជាង។ ពេល«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង [និង]ការចង់បានអ្វីដែលទាក់ទាញភ្នែក» ប្រឆាំងនឹងការចង់ស្ដាប់បង្គាប់ ពេលនោះតើយើងមានអារម្មណ៍យ៉ាងណា? សេចក្ដីប៉ងប្រាថ្នាទាំងនេះកើតឡើងពីភាពមិនល្អឥតខ្ចោះរបស់យើង ថែមទាំងពីឥទ្ធិពលនៃ«ចិត្តគំនិតរបស់ពិភពលោក»ដែលនៅជុំវិញយើង ហើយអ្វីៗទាំងនេះមានអានុភាពខ្លាំងណាស់មកលើយើង។ (១យ៉ូន. ២:១៦; ១កូ. ២:១២) ដើម្បីទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាមិនល្អទាំងនោះ យើងត្រូវ«តាំងចិត្ត»ឬត្រៀមខ្លួនស្ដាប់បង្គាប់ព្រះយេហូវ៉ាមុនយើងជួបប្រទះវិបត្ដិឬការល្បួងណាមួយ។ (ទំនុក. ៧៨:៨) យើងមានគំរូជាច្រើនក្នុងគម្ពីរអំពីអ្នកដែលទទួលជោគជ័យដោយព្រោះពួកគេបានត្រៀមខ្លួនទុកជាមុន។—អែស. ៧:១០; ដាន. ១:៨
៦, ៧. សូមរៀបរាប់ឧទាហរណ៍ដែលបង្ហាញពីរបៀបដែលការសិក្សាដោយខ្លួនឯងអាចជួយយើងឲ្យសម្រេចចិត្តបានល្អ។
៦ វិធីមួយដែលយើងអាចត្រៀមខ្លួន គឺដោយខ្នះខ្នែងសិក្សាបទគម្ពីរនិងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ។ សូមគិតក្នុងចិត្តថាអ្នកកំពុងស្ថិតក្នុងកាលៈទេសៈដូចតទៅនេះ។ នេះគឺជារាត្រីដែលអ្នកត្រូវសិក្សាគម្ពីរដោយខ្លួនឯង។ អ្នកទើបបានអធិដ្ឋានសុំសកម្មពលរបស់ព្រះយេហូវ៉ាឲ្យជួយអ្នកអនុវត្តតាមអ្វីដែលអ្នកបានរៀនពីបណ្ដាំរបស់លោក។ អ្នកមានគម្រោងមើលភាពយន្តតាមទូរទស្សន៍នៅរាត្រីថ្ងៃស្អែក។ អ្នកបានឮថាគេកំពុងនិយមមើលភាពយន្តនោះ ប៉ុន្តែអ្នកដឹងថាមានឈុតខ្លះៗដែលបង្ហាញពីអំពើប្រាសចាកសីលធម៌និងអំពើឃោរឃៅ។
៧ អ្នកសញ្ជឹងគិតឱវាទរបស់ប៉ូលនៅអេភេសូរ ៥:៣ដែលថា៖ «ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវទាំងនិយាយអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ឬការលោភលន់ឡើយ ធ្វើដូច្នេះទើបសមគួរចំពោះពួកអ្នកបរិសុទ្ធ»។ អ្នកក៏នឹកចាំយោបល់របស់ប៉ូលនៅភីលីព ៤:៨ដែរ។ (សូមអាន) កាលដែលអ្នករំពឹងគិតអំពីដំបូន្មានទាំងនេះដែលមកពីព្រះ អ្នកសួរខ្លួនឯងថា ‹បើខ្ញុំបណ្ដោយឲ្យចិត្តគំនិតខ្ញុំទទួលឥទ្ធិពលពីកម្មវិធីបែបនោះ តើខ្ញុំកំពុងធ្វើតាមគំរូរបស់ លោកយេស៊ូស្តីអំពីការស្ដាប់បង្គាប់ឲ្យបានដិតដល់ទេ?›។ ដូច្នេះ តើអ្នកនឹងសម្រេចចិត្តធ្វើអ្វី? តើអ្នកនឹងនៅតែមើលភាពយន្តនោះទេ?
៨. ហេតុអ្វីបានជាយើងត្រូវធ្វើតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាជានិច្ច?
៨ ប្រសិនបើយើងធ្វើឲ្យការប្ដេជ្ញាចិត្តរបស់យើងក្នុងការធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាអន់ថយជាងមុន នោះជាការខុស។ គឺមិនត្រឹមត្រូវទេឲ្យយើងគិតថា យើងមានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់នឹងឥទ្ធិពលអាក្រក់ដែលមកពីការសេពគប់មិនល្អ ដែលរួមបញ្ចូលការសេពគប់ដូចជានាទីកម្សាន្តដែលមានភាពឃោរឃៅឬអំពើប្រាសចាកសីលធម៌។ ផ្ទុយទៅវិញ យើងត្រូវការពារខ្លួននិងកូនរបស់យើងពីឥទ្ធិពលអាក្រក់ទាំងនេះដែលបង្ហាញនូវចិត្តគំនិតរបស់សាថាន។ អ្នកប្រើប្រាស់កុំព្យូទ័រខំប្រឹងការពារកុំព្យូទ័ររបស់ខ្លួនពីវីរុសដែលអាចបំផ្លាញទិន្នន័យ ធ្វើឲ្យកុំព្យូទ័រដើរមិនស្រួល ហើយការពារពីវីរុសដែលអាចឆ្លងទៅកុំព្យូទ័ររបស់អ្នកឯទៀត។ ប្រសិនបើគេខំប្រឹងការពារកុំព្យូទ័រពីវីរុសដូចនេះ ចុះចំពោះយើងវិញនោះ? យើងពិតជាត្រូវខំការពារខ្លួនពី«កលល្បិច»របស់សាថានជាដាច់ខាត!—អេភ. ៦:១១
៩. ហេតុអ្វីយើងត្រូវប្ដេជ្ញាចិត្តស្ដាប់បង្គាប់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ?
៩ សឹងតែរាល់ថ្ងៃ យើងត្រូវសម្រេចចិត្តថា យើងនឹងធ្វើតាមឬមិនធ្វើតាមព្រះយេហូវ៉ា។ ដើម្បីទទួលក្ដីសង្គ្រោះ យើងត្រូវស្ដាប់តាមព្រះហើយរស់នៅសមស្របតាមគោលការណ៍ដ៏សុចរិតរបស់លោក។ ដោយធ្វើតាមគំរូរបស់គ្រិស្តស្តីអំពីការស្ដាប់បង្គាប់«រហូតដល់ត្រូវស្លាប់» នោះយើងបង្ហាញថា យើងមានជំនឿពិត។ ព្រះយេហូវ៉ានឹងឲ្យរង្វាន់ដល់យើងពេលយើងប្រព្រឹត្តដោយស្មោះត្រង់។ លោកយេស៊ូបានសន្យាថា៖ «អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ»។ (ម៉ាថ. ២៤:១៣) ច្បាស់ហើយ នេះតម្រូវឲ្យយើងបណ្ដុះឲ្យមានភាពក្លាហានពិតប្រាកដ ដូចភាពក្លាហានដែលលោកយេស៊ូបានបង្ហាញ។—ទំនុក. ៣១:២៤
លោកយេស៊ូទុកគំរូល្អបំផុតស្តីអំពីភាពក្លាហាន
១០. តើយើងប្រហែលជាមានការបង្ខិតបង្ខំបែបណាខ្លះ? ហើយពេលមានការបង្ខិតបង្ខំបែបនោះ តើយើងគួរប្រព្រឹត្តយ៉ាងណា?
១០ ចិត្តគំនិតនិងការប្រព្រឹត្តរបស់មនុស្សនៅក្នុងពិភពលោកនេះគឺមាននៅជុំវិញយើង ហេតុនេះហើយបានជាយើងត្រូវការភាពក្លាហានដើម្បីទប់ទល់កុំឲ្យវាបង្ខូចចិត្តគំនិតយើង។ ក្នុងរឿងដែលទាក់ទងនឹងសីលធម៌ សង្គម ប្រាក់កាសនិងសាសនា មនុស្សក្នុងពិភពលោកនេះបង្ខិតបង្ខំពួកគ្រិស្តសាសនិកឲ្យធ្វើអ្វីដែលនាំឲ្យពួកគេចាកចេញពីមាគ៌ាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ បងប្អូនរួមជំនឿយើងជាច្រើនមានការប្រឆាំងពីសមាជិកគ្រួសារ។ នៅប្រទេសខ្លះ វិទ្យាស្ថានអប់រំខំប្រឹងកាន់តែខ្លាំងក្នុងការបង្រៀនមនុស្សឲ្យជឿលើទ្រឹស្តីវិវត្តន៍ ហើយមានមនុស្សកាន់តែច្រើនដែលជឿលើសេចក្ដីបង្រៀនថាមិនមានព្រះ។ ដោយមានការបង្ខិតបង្ខំទាំងនេះ យើងមិនអាចនៅស្ងៀមបានឡើយ។ យើងត្រូវចាត់វិធានការដើម្បីទប់ទល់ ហើយយ៉ាងនេះ យើងអាចការពារខ្លួនបាន។ គំរូរបស់លោកយេស៊ូបង្ហាញពីវិធីដែលយើងអាចការពារខ្លួន។
១១. តើការជញ្ជឹងគិតអំពីគំរូរបស់លោកយេស៊ូអាចជួយយើងឲ្យមានភាពក្លាហានច្រើនជាងយ៉ាងដូចម្ដេច?
១១ លោកយេស៊ូបានប្រាប់អ្នកកាន់តាមរបស់លោកថា៖ «ក្នុងពិភពលោក អ្នករាល់គ្នាមានសេចក្ដីវេទនា ប៉ុន្តែចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»។ (យ៉ូន. ១៦:៣៣) លោកតែងតែទប់ទល់នឹងអានុភាពរបស់មនុស្សក្នុងពិភពលោក។ លោកមិនដែលឲ្យគេបញ្ឈប់លោកពីកិច្ចបម្រើផ្សាយ ឬធ្វើឲ្យលោកបន្ធូរខ្នាតតម្រារបស់លោកស្តីអំពីការគោរពប្រណិប័តន៍ពិតនិងការប្រព្រឹត្តត្រឹមត្រូវទេ ហើយយើងក៏ត្រូវធ្វើដូច្នេះដែរ។ ក្នុងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ លោកបានមានប្រសាសន៍អំពីអ្នកកាន់តាមលោកថា៖ «ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។ (យ៉ូន. ១៧:១៦) ដោយសិក្សាអំពីគំរូដ៏ក្លាហាន របស់គ្រិស្ត ហើយជញ្ជឹងគិតអំពីគំរូនោះ អាចជួយយើងឲ្យមានភាពក្លាហានដែលយើងត្រូវការ ដើម្បីមិនរួមចំណែកក្នុងពិភពលោកនេះជារៀងរហូត។
ចូររៀនឲ្យមានភាពក្លាហានដោយមើលគំរូរបស់លោកយេស៊ូ
១២-១៤. សូមលើកឧទាហរណ៍ដែលថាលោកយេស៊ូបង្ហាញភាពក្លាហាន។
១២ លោកយេស៊ូបានបង្ហាញក្ដីក្លាហានដ៏អស្ចារ្យក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោក។ ដោយប្រើអំណាចដែលលោកមានជាបុត្ររបស់ព្រះ នោះលោក«បានចូលទៅក្នុងវិហារ ហើយបណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏បានផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ាវែងរបស់អ្នកលក់សត្វព្រាប»។ (ម៉ាថ. ២១:១២) ពេលទាហានមកចាប់លោកយេស៊ូនៅរាត្រីចុងក្រោយរបស់លោកនៅផែនដី លោកបានការពារអ្នកកាន់តាមលោកដោយមានប្រសាសន៍យ៉ាងក្លាហានថា៖ «ប្រសិនបើអ្នករាល់គ្នាកំពុងរកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ»។ (យ៉ូន. ១៨:៨) ប៉ុន្មាននាទីក្រោយមក លោកបានប្រាប់ពេត្រុសឲ្យស៊កដាវក្នុងស្រោមវិញ ហើយដោយធ្វើដូចនេះបង្ហាញថា លោកមានទំនុកចិត្តលើព្រះយេហូវ៉ាមិនមែនគ្រឿងសស្ដ្រាវុធណាឡើយ។—យ៉ូន. ១៨:១១
១៣ លោកយេស៊ូមានភាពក្លាហានក្នុងការបកអាក្រាតមុខមាត់ពិតរបស់អ្នកបង្រៀនមិនពិតដែលគ្មានក្ដីស្រឡាញ់ ថែមទាំងសេចក្ដីបង្រៀនមិនត្រឹមត្រូវរបស់ពួកគេដែរ។ លោកយេស៊ូបានប្រាប់ពួកគេថា៖ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកបិទទ្វាររាជាណាចក្រស្ថានសួគ៌នៅមុខមនុស្ស . . . [អ្នក]មិនអើពើចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងសេចក្ដីស្មោះត្រង់ . . . អ្នករាល់គ្នាលាងពែងនិងលាងចានតែខាងក្រៅប៉ុណ្ណោះ ឯខាងក្នុងវិញពេញទៅដោយរបស់ដែលបានប្លន់ និងភាពហួសហេតុ»។ (ម៉ាថ. ២៣:១៣, ២៣, ២៥) អ្នកកាន់តាមលោកយេស៊ូត្រូវការក្ដីក្លាហានដូចនេះដែរ ពីព្រោះអ្នកដឹកនាំសាសនាមិនពិតក៏នឹងបៀតបៀនពួកគេ ហើយនឹងសម្លាប់ពួកគេខ្លះដែរ។—ម៉ាថ. ២៣:៣៤; ២៤:៩
១៤ លោកយេស៊ូក៏នៅតែក្លាហានចំពោះមុខពួកវិញ្ញាណកំណាច។ នៅពេលមួយ លោកជួបបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ហើយបុរសនោះខ្លាំងដល់ម្ល៉េះដែលគ្មានអ្នកណាអាចចងគាត់បាន សូម្បីតែដាក់ច្រវាក់ក៏មិនជាប់ដែរ។ ប៉ុន្តែ ដោយមិនភ័យខ្លាច លោកយេស៊ូបានបណ្ដេញពួកវិញ្ញាណកំណាចជាច្រើនដែលមានអំណាចលើបុរសនោះ។ (ម៉ាក. ៥:១-១៣) សព្វថ្ងៃ ព្រះមិនឲ្យពួកគ្រិស្តសាសនិកមានឫទ្ធានុភាពដើម្បីធ្វើអព្ភូតហេតុទេ។ ក៏ប៉ុន្តែ ក្នុងការផ្សព្វផ្សាយនិងការបង្រៀន យើងក៏ត្រូវតយុទ្ធនឹងសាថាន ជាអ្នកដែល«ធ្វើឲ្យគំនិតរបស់ពួកអ្នកមិនជឿទៅជាងងឹត»។ (២កូ. ៤:៤) ដូចលោកយេស៊ូ គ្រឿងសស្ដ្រាវុធរបស់យើង«មិនមែនមកពីពិភពលោកនេះទេ តែមានឫទ្ធានុភាពពីព្រះ ដើម្បីរំលើងអ្វីៗដែលចាក់ឫសជ្រៅ» គឺជំនឿមិនត្រឹមត្រូវដែលចាក់ឫសយ៉ាងជ្រៅក្នុងចិត្តជាយូរយារមកហើយ។ (២កូ. ១០:៤) ក្នុងការប្រើគ្រឿងសស្ដ្រាវុធទាំងនេះដែលព្រះឲ្យយើង នោះយើងអាចរៀនអ្វីជាច្រើនពីគំរូរបស់លោកយេស៊ូ។
១៥. តើសេចក្ដីក្លាហានរបស់លោកយេស៊ូមានមូលដ្ឋានលើអ្វី?
១៥ សេចក្ដីក្លាហានរបស់លោកយេស៊ូមានមូលដ្ឋានលើជំនឿ មិនមែនលើការខំធ្វើជាមនុស្សអង់អាចឡើយ។ សេចក្ដីក្លាហានរបស់យើងក៏ត្រូវដូចនោះដែរ។ (ម៉ាក. ៤:៤០) តើយើងត្រូវធ្វើដូចម្ដេចដើម្បីមានជំនឿពិត? ម្ដងនេះទៀត គំរូរបស់លោកយេស៊ូជួយយើងឲ្យដឹងវិធីដែលយើងអាចមានជំនឿពិត។ លោកស្គាល់បទគម្ពីរយ៉ាងច្បាស់ ថែមទាំងទុកចិត្តទាំងស្រុងទៅលើបទគម្ពីរផងដែរ។ លោកយេស៊ូមិនបានប្រើដាវមែនទែនទេ តែលោកប្រើដាវនៃសកម្មពល ពោលគឺបណ្ដាំរបស់ព្រះ។ ម្ដងហើយម្ដងទៀត លោកបានលើកឡើងបទគម្ពីរដើម្បីបញ្ជាក់សេចក្ដីបង្រៀនរបស់លោក។ ជាច្រើនដង មុនដែលលោកបង្រៀនអ្វីមួយ លោកបានប្រើពាក្យដែលថា៖ «បទគម្ពីរចែងថា»។ *
១៦. តើយើងអាចមានជំនឿកាន់តែខ្លាំងយ៉ាងដូចម្ដេច?
១៦ យើងដឹងហើយថា ការធ្វើជាអ្នកកាន់តាមគ្រិស្តនឹងនាំឲ្យយើងមានទុក្ខលំបាកជាមិនខាន។ ដូច្នេះ ដើម្បីឲ្យយើងមានជំនឿដែលអាចស៊ូទ្រាំនឹងទុក្ខលំបាកនោះ យើងត្រូវអាននិងសិក្សាគម្ពីរជារៀងរាល់ថ្ងៃ ហើយទៅកិច្ចប្រជុំ។ ដោយធ្វើដូចនេះ យើងនឹងធ្វើឲ្យសេចក្ដីពិតដែលជាមូលដ្ឋាននៃជំនឿដិតជាប់ក្នុងចិត្តរបស់យើង។ (រ៉ូម ១០:១៧) ណាមួយទៀត យើងក៏ត្រូវរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងបានរៀន ហើយឲ្យអ្វីៗទាំងនោះមានឥទ្ធិពលទៅលើចិត្តរបស់យើង។ មានតែជំនឿដែលមានការប្រព្រឹត្តទេដែលអាចជំរុញទឹកចិត្តយើងឲ្យធ្វើអ្វីៗដោយក្ដីក្លាហាន។ (យ៉ា. ២:១៧) ម្យ៉ាងទៀត យើងត្រូវអធិដ្ឋានសុំសកម្មពលបរិសុទ្ធរបស់ព្រះដោយព្រោះជំនឿជាផលដែលបង្កើតដោយសកម្មពល។—កាឡ. ៥:២២
១៧, ១៨. តើប្អូនស្រីម្នាក់បានបង្ហាញសេចក្ដីក្លាហានយ៉ាងណានៅសាលារៀន?
រ៉ូម ១:១៦) រាល់ឆ្នាំគាត់មានគោលដៅផ្សព្វផ្សាយដំណឹងល្អ តែគាត់ស្ទាក់ស្ទើរដោយសារខ្វះក្ដីក្លាហាន។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានផ្លាស់ប្ដូរសាលា។ គាត់បាននិយាយថា៖ «នៅសាលាថ្មី ខ្ញុំនឹងមិនធ្វើដូចពីមុនទេ ខ្ញុំនឹងឆ្លៀតឱកាសផ្សាយ»។ ឃីទីបានអធិដ្ឋានសុំព្រះឲ្យគាត់មានភាពក្លាហានដូចគ្រិស្ត និងមានឱកាសល្អដើម្បីផ្សព្វផ្សាយនៅសាលារៀន។
១៧ ប្អូនស្រីម្នាក់ឈ្មោះឃីទីបានពិសោធនូវវិធីដែលជំនឿពិត អាចនាំយើងមានសេចក្ដីក្លាហាន។ តាំងពីក្មេងមក គាត់ដឹងថានៅសាលារៀន គាត់មិនគួរមាន«សេចក្ដីអៀនខ្មាសព្រោះដំណឹងល្អ»ទេ ហើយគាត់ពិតជាចង់ផ្សព្វផ្សាយដំណឹងល្អដល់សិស្សរួមថ្នាក់ណាស់។ (១៨ ពេលចូលសាលាថ្មីដំបូង លោកគ្រូសុំសិស្សទាំងអស់ណែនាំឲ្យស្គាល់ខ្លួនឯងម្នាក់ម្ដងៗ។ សិស្សខ្លះបានរៀបរាប់ថាពួកគេបានធំឡើងក្នុងសាសនាមួយ ហើយបានបន្ថែមថាពួកគេមិនសូវចូលរួមក្នុងសាសនានោះទេ។ ឃីទីបានកត់សម្គាល់ថាព្រះបានផ្ដល់ឱកាសនេះដល់គាត់ ដូចដែលគាត់បានអធិដ្ឋានសុំ។ ពេលគាត់ត្រូវណែនាំឲ្យស្គាល់ខ្លួនឯង នោះគាត់បាននិយាយដោយមានទំនុកចិត្តថា៖ «ខ្ញុំជាសាក្សីព្រះយេហូវ៉ា ហើយអ្វីដែលណែនាំខ្ញុំស្តីអំពីការគោរពប្រណិប័តន៍និងការប្រព្រឹត្តត្រឹមត្រូវគឺមកពីគម្ពីរ»។ កាលដែលគាត់បន្តនិយាយ សិស្សខ្លះពេបជ្រាយឲ្យគាត់។ ប៉ុន្តែ ខ្លះទៀតបានស្ដាប់ ហើយក្រោយមកបានសួរសំណួរ។ លោកគ្រូក៏បានលើកឃីទីឡើងជាគំរូល្អស្តីអំពីអ្នកដែលការពារជំនឿរបស់ខ្លួន។ ឃីទីសប្បាយណាស់ដែលគាត់បានទាញមេរៀនពីគំរូដ៏ក្លាហានរបស់លោកយេស៊ូ។
ចូរបង្ហាញជំនឿនិងភាពក្លាហានដូចគ្រិស្ត
១៩. (ក) តើការមានជំនឿពិតរួមបញ្ចូលអ្វី? (ខ) តើយើងអាចធ្វើឲ្យព្រះយេហូវ៉ារីករាយយ៉ាងដូចម្ដេច?
១៩ ពួកសាវ័កក៏កត់សម្គាល់ថាការប្រព្រឹត្តរបស់ពួកគេត្រូវមានមូលដ្ឋានលើជំនឿដែរ។ ពួកគេបានសុំអង្វរលោកយេស៊ូថា៖ «សូមផ្ដល់ជំនឿមកយើងថែមទៀត»។ (សូមអាន លូកា ១៧:៥, ៦) ការមានជំនឿពិតមិនគ្រាន់តែមានន័យថា យើងជឿថាមានព្រះតែប៉ុណ្ណោះទេ។ នេះជាប់ទាក់ទងនឹងការបណ្ដុះឲ្យមានចំណងមេត្រីភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា ដែលនេះស្រដៀងនឹងចំណងមេត្រីភាពដែលកូនក្មេងមានជាមួយឪពុកដែលប្រកបដោយក្ដីស្រឡាញ់និងក្ដីសប្បុរស។ ព្រះបានដឹកនាំសាឡូម៉ូនឲ្យសរសេរថា៖ «កូនអើយ! បើចិត្តឯងប្រកបដោយប្រាជ្ញា នោះចិត្តអញនឹងមានសេចក្ដីអំណរ គឺចិត្តរបស់ឪពុកនេះឯង អើ! ចិត្តថ្លើមអញនឹងរីករាយឡើង ក្នុងកាលដែលបបូរមាត់ឯង ពោលសេចក្ដីដែលត្រឹមត្រូវ»។ (សុភ. ២៣:១៥, ១៦) ដូចគ្នាដែរ ព្រះយេហូវ៉ារីករាយពេលឃើញយើងកាន់ជំហររឹងមាំដោយក្លាហានតាមគោលការណ៍ដ៏សុចរិត ហើយដោយដឹងដូចនេះ នោះនាំឲ្យយើងមានភាពក្លាហានកាន់តែច្រើន។ ដូច្នេះហើយ សូមឲ្យយើងយកតម្រាប់តាមគំរូរបស់លោកយេស៊ូជានិច្ច ហើយកាន់ជំហររឹងមាំដោយក្លាហានចំពោះសេចក្ដីសុចរិត!
[កំណត់សម្គាល់]
^ វគ្គ 15 ជាឧទាហរណ៍ សូមមើលម៉ាថាយ ៤:៤, ៧, ១០; ១១:១០; ២១:១៣; ២៦:៣១; ម៉ាកុស ៩:១៣; ១៤:២៧; លូកា ២៤:៤៦; យ៉ូហាន ៦:៤៥; ៨:១៧។
តើអ្នកអាចពន្យល់បានទេ?
• តើអ្វីនឹងជួយយើងឲ្យតែងតែស្ដាប់បង្គាប់ទោះជាមានភាពមិនល្អឥតខ្ចោះក៏ដោយ?
• តើជំនឿពិតមានមូលដ្ឋានលើអ្វី? ហើយតើនេះអាចជួយយើងឲ្យមានក្ដីក្លាហានយ៉ាងដូចម្ដេច?
• បើយើងស្ដាប់បង្គាប់និងបង្ហាញសេចក្ដីក្លាហានដូចគ្រិស្ត តើនឹងមានលទ្ធផលយ៉ាងណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៦]
តើអ្នកកំពុង«តាំងចិត្ត»ឬត្រៀមខ្លួនដើម្បីទប់ទល់នឹងការល្បួងទេ?
[រូបភាពនៅទំព័រ១៨]
ដូចលោកយេស៊ូ យើងអាចបង្ហាញក្ដីក្លាហានដែលមានមូលដ្ឋានលើជំនឿ