លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

តើមហាទេវតាព្រះនាមមីកែលជាអ្នកណា?

តើមហាទេវតាព្រះនាមមីកែលជាអ្នកណា?

ព្រះគម្ពីរមិនរៀបរាប់ច្រើនអំពីបុគ្គលវិញ្ញាណមួយអង្គនោះដែលមានព្រះនាមមីកែលឡើយ។ ក៏ប៉ុន្ដែបទគម្ពីរទាំងអស់ដែលរៀបរាប់អំពីមីកែល សុទ្ធតែចែងប្រាប់អំពីសកម្មភាពរបស់ទ្រង់។ នៅសៀវភៅដានីយ៉ែល មីកែលច្បាំងជាមួយនឹងទេវតាអាក្រក់។ ក្នុងសំបុត្រយូដាស មីកែលតវ៉ាជាមួយនឹងសាតាំង។ ហើយនៅសៀវភៅវិវរណៈ មីកែលធ្វើសង្គ្រាមច្បាំងនឹងអារក្សហើយពួកបិសាចរបស់វា។ ដោយសារមីកែលការពារការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយតយុទ្ធនឹងសត្រូវរបស់ព្រះ នោះមីកែលបានប្រព្រឹត្ដសមស្របតាមអត្ថន័យនៃព្រះនាមទ្រង់ ដែលមានន័យថា«តើមានអ្នកណាដូចព្រះ?»។ ក៏ប៉ុន្ដែតើមីកែលជាអ្នកណា?

ជួនកាលបុគ្គលម្នាក់មានឈ្មោះផ្សេងៗ។ ជាឧទាហរណ៍ យ៉ាកុបបានត្រូវហៅថាអ៊ីស្រាអែល ហើយសាវ័កពេត្រុសក៏បានត្រូវហៅថាស៊ីម៉ូនដែរ។ (លោកុប្បត្ដិ ៤៩:១, ២; ម៉ាថាយ ១០:២) ស្រដៀងគ្នាដែរ ព្រះគម្ពីរប្រាប់ឲ្យយើងដឹងថា មីកែលជាព្រះនាមមួយទៀតរបស់ព្រះយេស៊ូគ្រីស្ទ មុននិងក្រោយទ្រង់រស់នៅផែនដី។ សូមពិចារណាបទគម្ពីរខ្លះដែលផ្ដល់មូលហេតុដែលសន្និដ្ឋានដូច្នេះ។

មហាទេវតា: ព្រះបន្ទូលរបស់ព្រះចែងថាមីកែល«ជាមហាទេវតា»។ (យូដាស ៩) ពាក្យនេះមានន័យថា«មេទេវតា»។ ពេលដែលចែងអំពី«មហាទេវតា»នោះ ព្រះគម្ពីរពុំដែលប្រើពាក្យពហុវចនៈដូចជាមហាទេវតាទាំងឡាយ ឬពួកមហាទេវតានោះទេ តែព្រះគម្ពីរតែងប្រើពាក្យឯកវចនៈវិញ។ នេះនាំឲ្យយល់ថាមានមហាទេវតាតែមួយអង្គប៉ុណ្ណោះ។ ម្យ៉ាងទៀត ព្រះគម្ពីរបញ្ជាក់ថាមុខតំណែងជាមហាទេវតាជាប់ទាក់ទងនឹងព្រះយេស៊ូ។ ថែស្សាឡូនីចទី១ ៤:១៦ចែងអំពីព្រះអម្ចាស់យេស៊ូគ្រីស្ទដែលបានត្រូវប្រោសឲ្យរស់ឡើងវិញថា«ព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់ព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា»។ យ៉ាងនេះសម្លេងរបស់ព្រះយេស៊ូត្រូវពណ៌នាជាសម្លេងនៃមហាទេវតា។ ដូច្នេះនេះនាំឲ្យយើងយល់ថាព្រះយេស៊ូគឺជាមហាទេវតាមីកែល។

មេទ័ព: ព្រះគម្ពីរចែងថា«មីកែលនឹងពួកទេវតារបស់លោកច្បាំងនឹងនាគ . . . នឹងទេវតាវា»។ (វិវរណៈ ១២:៧, កំណែជាអក្សរទ្រេត) ដូច្នេះមីកែលជាអ្នកដឹកនាំពលទ័ពទេវតាស្មោះត្រង់។ សៀវភៅវិវរណៈពណ៌នាថាព្រះយេស៊ូក៏ជាអ្នកដឹកនាំពលទ័ពទេវតាស្មោះត្រង់ដែរ។ (វិវរណៈ ១៩:១៤-១៦) ហើយសាវ័កប៉ុលក៏បានរៀបរាប់អំពី«ព្រះអម្ចាស់យេស៊ូវ»និង«ពួកទេវតានៃព្រះចេស្ដាទ្រង់»។ (ថែស្សាឡូនីចទី២ ១:៧) ដូច្នេះព្រះគម្ពីររៀបរាប់អំពីមីកែលនិង«ពួកទេវតារបស់លោក» ហើយព្រះយេស៊ូនិង«ពួកទេវតា»របស់ទ្រង់។ (ម៉ាថាយ ១៣:៤១; ១៦:២៧; ២៤:៣១; ពេត្រុសទី១ ៣:២២) ព្រះបន្ទូលរបស់ព្រះមិនចែងថាទេវតាបានត្រូវបែងចែកជាពលទ័ពពីរក្រុម ដោយមានមួយក្រុមរបស់មីកែលហើយមួយក្រុមទៀតរបស់ព្រះយេស៊ូនោះទេ ហេតុនេះហើយជាការសមហេតុសមផលដែលសន្និដ្ឋានថាព្រះយេស៊ូគ្រីស្ទនៅស្ថានសួគ៌គឺជាមីកែលតែម្ដង។ *

^ វគ្គ 3 ដើម្បីអានព័ត៌មានថែមទៀតដែលបង្ហាញថាឈ្មោះមីកែលសំដៅទៅលើព្រះរាជបុត្រារបស់ព្រះ សូមមើលសៀវភៅជាភាសាអង់គ្លេសចំណងជើងថាការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី២ ទំព័រ៣៩៣-៣៩៤ (Insight on the Scriptures Volume 2 pages 393-4) បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។