លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤០

តើយើងអាចមានភាពស្អាតស្អំតាមទស្សនៈរបស់ព្រះយ៉ាងដូចម្ដេច?

តើយើងអាចមានភាពស្អាតស្អំតាមទស្សនៈរបស់ព្រះយ៉ាងដូចម្ដេច?

សូម​ស្រមៃ​គិត​អំពី​ម្ដាយ​ល្អ​ម្នាក់​ដែល​កំពុង​រៀបចំ​ខ្លួន​ឲ្យ​កូន​ប្រុស​តូច​មុន​ទៅ​សាលា​រៀន។ គាត់​តែង​តែ​ងូត​ទឹក​ឲ្យ​កូន ហើយ​ស្លៀក​ពាក់​ស្អាត​បាត​ឲ្យ​កូន។ នេះ​ជួយ​កូន​ឲ្យ​មាន​សុខភាព​ល្អ ហើយ​អ្នក​ឯ​ទៀត​អាច​ឃើញ​ថា​ឪពុក​ម្ដាយ​ចេះ​ថែ​រក្សា​កូន​បាន​ល្អ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ជា​ទី​ស្រឡាញ់​របស់​យើង ចង់​ឲ្យ​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ ខាង​ចិត្ត​គំនិត ខាង​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត។ ពេល​យើង​មាន​ភាព​ស្អាត​ស្អំ នោះ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍ និង​នាំ​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ​ព្រះ​យេហូវ៉ា។

១. តើ​យើង​អាច​មាន​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ​តាម​របៀប​ណា​ខ្លះ?

ព្រះ​យេហូវ៉ា​ប្រាប់​យើង​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ​»។ (​ពេត្រុស​ទី​១ ១:១៦​) ភាព​បរិសុទ្ធ​គឺ​ជាប់​ទាក់​ទង​នឹង​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ​និង​ខាង​សីលធម៌។ យើង​អាច​មាន​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ ដោយ​ងូត​ទឹក​ជា​ទៀង​ទាត់ ហើយ​បោក​សម្លៀក​បំពាក់ សម្អាត​ផ្ទះ និង​សម្អាត​យាន​ជំនិះ​របស់​យើង​ឲ្យ​បាន​ស្អាត។ យើង​ព្យាយាម​ធ្វើ​អ្វី​ៗ​ទាំង​អស់​នោះ​ឲ្យ​មាន​របៀប​រៀប​រយ។ យើង​ក៏​អាច​ជួយ​សម្អាត​សាល​ប្រជុំ​របស់​យើង​ដែរ។ ពេល​យើង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ នោះ​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។​—កូរិនថូស​ទី​២ ៦:​៣, ៤

២. ដើម្បី​មាន​ភាព​ស្អាត​ស្អំ តើ​យើង​គួរ​ជៀស​វាង​ពី​ទម្លាប់​បែប​ណា?

គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​សម្អាត​ចិត្ត​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក​»។ (​កូរិនថូស​ទី​២ ៧:១​) នេះ​មាន​ន័យ​ថា យើង​គួរ​ជៀស​វាង​ពី​អ្វី​ក៏​ដោយ​ដែល​អាច​បង្ខូច​ចិត្ត​គំនិត​និង​រូប​កាយ​របស់​យើង។ អ្វី​ដែល​យើង​គិត​គួរ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច្នេះយើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បដិសេធ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ។ (​ចម្រៀង​សរសើរ​ព្រះ ១០៤:៣៤​) ម្យ៉ាង​ទៀត យើង​ខំ​ព្យាយាម​និយាយ​ពាក្យ​សម្ដី​ល្អ។​—សូម​អាន កូឡុស ៣:៨

តើ​មាន​អ្វី​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​យើង​ស្មោក​គ្រោក​ខាង​រូប​កាយ​ឬ​ខាង​សីលធម៌? មាន​អ្វី​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​រូប​កាយ​របស់​យើង​ស្មោក​គ្រោក​ដូច​ជា ការ​ជក់​បារី ការ​ប្រើ​ថ្នាំ​ជក់ ការ​ទំពា​ស្លា​ម្លូ និង​ការ​ប្រើ​ថ្នាំ​ខុស​ច្បាប់​ឬ​ថ្នាំ​ដើម្បី​កម្សាន្ត​ជា​ដើម។ ដូច្នេះ ពេល​យើង​ជៀស​វាង​ពី​អ្វី​ទាំង​នេះ យើង​មាន​សុខភាព​ល្អ​ជាង ហើយ​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ។ យើង​ក៏​ខំ​ព្យាយាម​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ដែរ ដោយ​ខំ​យក​ឈ្នះ​ទម្លាប់​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន a និង​ទម្លាប់​មើល​រូប​អាស​អាភាស។ (​ចម្រៀង​សរសើរ​ព្រះ ១១៩:៣៧; អេភេសូរ ៥:៥​) ការ​ផ្ដាច់​ទម្លាប់​ទាំង​នេះ​មិន​ស្រួល​ទេ តែ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ផ្ដាច់​បាន។​—សូម​អាន អេសាយ ៤១:១៣

បង្កើន​ចំណេះ

សូម​រៀន​អំ​ពី​មូលហេតុ​ដែល​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា និង​អំពី​របៀប​ផ្ដាច់​ទម្លាប់​ស្មោក​គ្រោក។

៣. ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា

យើង​អាច​យល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ដោយ​ពិនិត្យ​មើល​បង្គាប់​ដែល​លោ​ក​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ សូម​អាន ដំណើរ​ចាក​ចេញ ១៩:១០ និង​៣០:១៧​-​១៩ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ខ​គម្ពីរ​ទាំង​នេះ​បង្ហាញ​យ៉ាង​ណា​អំ​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ជា​ទៀង​ទាត់​ដើម្បី​រក្សា​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ?

ដើម្បី​មាន​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ​គឺ​ត្រូវ​ការ​ពេល​និង​ការ​ខំ​ប្រឹង។ ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា ជា​អ្នក​មាន ឬ​ជា​អ្នក​ក្រ​ក៏​ដោយ យើង​អាច​មាន​ភាព​ស្អាត​ស្អំ​បាន។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​ការ​ថែ​រក្សា​វត្ថុ​ទ្រព្យ​របស់​យើង​ឲ្យ​ស្អាត​និង​រៀប​រយ ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឲ្យ​តម្លៃ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង?

៤. ចូរ​យក​ឈ្នះ​ទម្លាប់​អាក្រក់

ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ទម្លាប់​អាក្រក់​គ្រប់​បែប​យ៉ាង

បើ​អ្នក​ជក់​ឬ​ប្រើ​គ្រឿង​ញៀន អ្នក​ប្រហែល​ជា​ដឹង​ថា​ពិបាក​ផ្ដាច់​ណាស់។ តើ​អ្វី​អាច​ជួយ​អ្នក​បាន? សូម​ពិចារណា​ថា​ទម្លាប់​បែប​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក។ សូម​អាន ម៉ាថាយ ២២:៣៧​-​៣៩ រួច​ពិភាក្សា​សំណួរ​ថា តើ​ការ​ប្រើ​ថ្នាំ​ជក់​ឬ​គ្រឿង​ញៀន​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ . . .

  • ចំណង​មិត្តភាព​របស់​អ្នក​ដែល​ប្រើ​នោះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

  • ក្រុម​គ្រួសារ​និង​មនុស្ស​ដែល​នៅ​ជុំ​វិញ​អ្នក​នោះ?

ចូរ​ធ្វើ​គម្រោង​ដើម្បី​ផ្ដាច់​ទម្លាប់​អាក្រក់។ b លេង​វីដេអូ

សូម​អាន ភីលីព ៤:១៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ទម្លាប់​ល្អ​ក្នុង​ការ​អធិដ្ឋាន ការ​សិក្សា​គម្ពីរ និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​អាច​ផ្ដល់​កម្លាំង​ឲ្យ​បុគ្គល​ម្នាក់​យក​ឈ្នះ​ទម្លាប់​អាក្រក់​យ៉ាង​ដូច​ម្ដេច?

៥. ចូរ​ខំ​យក​ឈ្នះ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ស្មោក​គ្រោក

សូម​អាន កូឡុស ៣:៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​យើង​ដឹង​ថា​ការ​មើល​រូប​អាស​អាភាស ការ​ផ្ញើ​សារ​ជា​ទម្រង់​អាស​អាភាស និង​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន គឺ​មិន​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា?

  • តើ​អ្នក​គិត​ថា​សម​ហេតុ​សម​ផល​ឬ​ទេ ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌? ហេតុ​អ្វី?

សូម​ស្វែង​យល់​អំពី​របៀប​យក​ឈ្នះ​ចិត្ត​គំនិត​ស្មោក​គ្រោក។ លេង​វីដេអូ

លោ​ក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​មួយ ដើម្បី​បង្ហាញ​ថា​យើង​ត្រូវ​ចាត់​វិធានការ​យ៉ាង​តឹង​រ៉ឹង​ដើម្បី​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ សូម​អាន ម៉ាថាយ ៥:២៩, ៣០ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តាម​ខ​ទាំង​នេះ លោ​ក​យេស៊ូ​មិន​មាន​ន័យ​ថា​ឲ្យ​យើង​កាត់​ដៃ ឬ​ខ្វេះ​ភ្នែក​មែន​ទែន​ទេ ប៉ុន្តែ​លោ​ក​ចង់​បញ្ជាក់​ថា​យើង​ត្រូវ​ចាត់​វិធានការ។ តើ​បុគ្គល​ម្នាក់​អាច​ចាត់​វិធានការ​តឹង​រ៉ឹង​យ៉ាង​ដូច​ម្ដេច ដើម្បី​យក​ឈ្នះ​ចិត្ត​គំនិត​ស្មោក​គ្រោក? c

ពេល​អ្នក​ខំ​យក​ឈ្នះ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៣:១៣, ១៤ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • បើ​អ្នក​ពិបាក​ផ្ដាច់​ទម្លាប់​ស្មោក​គ្រោក តើ​ខ​គម្ពីរ​ទាំង​នេះ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​បន្ត​ព្យាយាម​យ៉ាង​ដូច​ម្ដេច?

បរាជ័យ​ម្ដង​មិន​មាន​ន័យ​ថា​បរាជ័យ​រហូត​ទេ!

ស្រួល​ឲ្យ​យើង​គិត​ថា​៖ ‹ខ្ញុំ​បរាជ័យ​ហើយ ដូច្នេះ​ខ្ញុំ​មិន​ចាំ​បាច់​ព្យាយាម​ទៀត​ទេ›។ ប៉ុន្តែ សូម​គិត​ឧទាហរណ៍​នេះ: ទោះ​ជា​កីឡាករ​រត់​ប្រណាំង​ជំពប់​ដួល​ក៏​ដោយ នេះ​មិន​មាន​ន័យ​ថា​គាត់​ចាញ់​ការ​រត់​ប្រណាំង​នោះ​ទេ ហើយ​គាត់​ក៏​មិន​ចាំ​បាច់​រត់​ពី​ទី​ចាប់​ផ្ដើម​ម្ដង​ទៀត​ដែរ។ ស្រដៀង​គ្នា​ដែរ ការ​ដួល​ឬ​ការ​បរាជ័យ​មិន​មាន​ន័យ​ថា​អ្នក​មិន​អាច​ផ្ដាច់​ទម្លាប់​អាក្រក់​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​សប្បាយ​ចិត្ត​ដែល​អ្នក​បាន​ព្យាយាម​មក​ដល់​ត្រឹម​នេះ។ ការ​បរាជ័យ​គឺ​ជា​រឿង​ធម្មតា ដោយ​សារ​នេះ​ជា​ក​ត្តា​មួយ​ដែល​ជួយ​អ្នក​ឲ្យ​បន្ត​ត​ស៊ូ​ទៅ​មុខ​ទៀត។ ដូច្នេះ សូម​កុំ​ឈប់​ព្យាយាម! ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​អាច​យក​ឈ្នះ​ទម្លាប់​អាក្រក់​បាន។

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​ញៀន​ហើយ ខ្ញុំ​មិន​អាច​ឈប់​បាន​ទេ​»។

  • តើ​អ្នក​ចង់​ប្រើ​បទ​គម្ពីរ​មួយ​ណា​ដើម្បី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​អាច​ជួយ​គាត់​ឲ្យ​ផ្ដាច់​ទម្លាប់​អាក្រក់​បាន?

សេចក្ដី​សង្ខេប

យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដោយ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ ខាង​ចិត្ត​គំនិត និង​ការ​ប្រព្រឹត្ត​របស់​យើង។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​ភាព​ស្អាត​ស្អំ​សំខាន់​ខ្លាំង​ម្ល៉េះ?

  • តើ​អ្នក​អាច​មាន​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ​យ៉ាង​ដូច​ម្ដេច?

  • តើ​តាម​របៀប​ណា​អ្នក​អាច​រក្សា​ភាព​ស្អាត​ស្អំ​ខាង​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

ទោះ​ជា​អ្នក​មិន​សូវ​មាន​ធន​ធាន​ក៏​ដោយ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រក្សា​អនាម័យ​ក្នុង​ជីវភាព​រស់​នៅ?

សុខភាព​និង​អនាម័យ ពោល​គឺ​ការ​លាង​ដៃ (៣:០១)

សូម​ស្វែង​យល់​អំ​ពី​ជំហាន​ផ្សេង​ៗ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ផ្ដាច់​បារី។

«​របៀប​ផ្ដាច់​បារី​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ខែ​ឧសភា ឆ្នាំ​២០១០​)

សូម​អាន​អំពី​របៀប​ដែល​បុរស​ម្នាក់​បាន​យក​ឈ្នះ​ការ​ញៀន​មើល​រូប​អាស​អាភាស។

«​បរាជ័យ​ច្រើន​ដង មុន​ទទួល​បាន​ជោគ​ជ័យ​»​ ​(​brwp​១៦០៤​)

a នេះ​សំដៅ​លើ​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ក្នុង​បំណង​បំពេញ​ចំណង់​ផ្លូវ​ភេទ។

b អត្ថបទ​«​របៀប​ផ្ដាច់​បារី​»​នៅ​ផ្នែក​ស្វែង​យល់​ថែម​ទៀត​ក្នុង​មេ​រៀន​នេះ ពន្យល់​អំ​ពី​ជំហាន​ផ្សេង​ៗ​ដែល​អាច​ជួយ​ឲ្យ​យក​ឈ្នះ​ការ​ញៀន​បារី។