លោតទៅអត្ថបទ

សន្តិភាពនៅផែនដី តើនេះនឹងកើតឡើងយ៉ាងដូចម្ដេច?

សន្តិភាពនៅផែនដី តើនេះនឹងកើតឡើងយ៉ាងដូចម្ដេច?

ចម្លើយ​ពី​គម្ពីរ

 សន្តិភាព​នៅ​ផែនដី​នឹង​មាន​ជា​មិន​ខាន តែ​មិន​មែន​មក​ពី​ការ​ខំ​ព្យាយាម​របស់​មនុស្ស​ទេ គឺ​មក​ពី​រាជាណាចក្រ​របស់​ព្រះ​ដែល​ជា​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌​គ្រប់​គ្រង​ដោយ​លោក​យេស៊ូ​គ្រិស្ត។ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ។

  1.  ១. ព្រះ​នឹង​ធ្វើ​ឲ្យ​«​ផែនដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត​»។ លោក​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​នេះ​បាន​សម្រេច ដោយ​នាំ​ឲ្យ​មាន​«​សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី​»​ដល់​«​មនុស្ស​ដែល​ជា​ទី​គាប់​ចិត្ត​លោក​»។—ចម្រៀង​សរសើរ​ព្រះ ៤៦:៩; លូកា ២:១៤

  2.  ២. រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក​លើ​ផែនដី​ទាំង​មូល។ (​ដានីយ៉ែល ៧:១៤​) រាជាណាចក្រ​នេះ​ជា​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ទូទាំង​ពិភព​លោក ហើយ​រាជាណាចក្រ​នេះ​នឹង​បំបាត់​ចោល​ការ​ប្រកាន់​ពូជ​សាសន៍​ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​សង្គ្រាម​ជា​ច្រើន។

  3.  ៣. លោក​យេស៊ូ​ជា​អ្នក​គ្រប់​គ្រង​រាជាណាចក្រ​ព្រះ ហើយ​លោក​បាន​ត្រូវ​ហៅ​ថា​«​ម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត​»។ លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​«​នឹង​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច​»។—អេសាយ ៩:៦, ៧

  4.  ៤. មនុស្ស​ដែល​នៅ​តែ​តាំង​ចិត្ត​ធ្វើ​សង្គ្រាម នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ​ឡើយ ព្រោះ​«​[​ព្រះ​]ស្អប់​អ្នក​ដែល​ចូល​ចិត្ត​អំពើ​ឃោរឃៅ​»។—ចម្រៀង​សរសើរ​ព្រះ ១១:៥; សុភាសិត ២:២២

  5.  ៥. ព្រះ​បង្រៀន​រាស្ត្រ​របស់​លោក​អំពី​របៀប​រស់​នៅ​ដោយ​សន្តិភាព។ គម្ពីរ​រៀប​រាប់​អំពី​លទ្ធផល​ពី​ការ​ធ្វើ​តាម​ការ​ណែនាំ​នេះ ដោយ​ចែង​ថា​៖​«​ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង ដំ​ធ្វើ​ជា​ដង្កាវ​វិញ។ ប្រជា​ជាតិ​មួយ​នឹង​មិន​លើក​ដាវ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ឡើយ ហើយ​ក៏​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​ដែរ​»។—អេសាយ ២:៣, ៤

 សាក្សី​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​កំពុង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​នូវ​របៀប​ធ្វើ​ឲ្យ​មាន​សន្តិភាព។ (​ម៉ាថាយ ៥:៩​) ទោះ​ជា​យើង​មាន​ជាតិ​សាសន៍​ផ្សេង​គ្នា​និង​រស់​នៅ​ជាង​២៤០​ប្រទេស​ខុស​ពី​គ្នា​ក្ដី យើង​មិន​ព្រម​ធ្វើ​សង្គ្រាម​ឡើយ។

សាក្សី​ព្រះ​យេហូវ៉ា​កំពុង​រៀន​អំពី​របៀប​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​សព្វ​ថ្ងៃ​នេះ