លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជាអ្នកក្រខាងវត្ថុទ្រព្យ តែជាអ្នកមានខាងកិច្ចបម្រើព្រះ

ជាអ្នកក្រខាងវត្ថុទ្រព្យ តែជាអ្នកមានខាងកិច្ចបម្រើព្រះ

ជីវប្រវត្ដិ

ជា​អ្នក​ក្រ​ខាង​វត្ថុ​ទ្រព្យ តែ​ជា​អ្នក​មាន​ខាង​កិច្ច​បម្រើ​ព្រះ

រៀប​រាប់​ដោយ អាឡិចសង់ដឺ អ៊ូស៊ូ

លោក​តា​និង​ឪពុក​របស់​ខ្ញុំ​រស់​នៅ​ផ្ទះ​មួយ​ដែល​មិន​ទាន់​សាងសង់​រួច​ក្នុង​ខ្ទី ហ្សាននេ ដែល​ជា​ភូមិ​ក្រី​ក្រ​មួយ​ស្ថិត​នៅ​ភាគ​ខាង​ជើង ឥឡូវ​ហៅ​ថា​ម៉ុលដាវី។ ខ្ញុំ​បាន​កើត​នៅ​ទី​នោះ​ក្នុង​ខែ​ធ្នូ ឆ្នាំ​១៩៣៩។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៣០ ពួក​គាត់​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ក្រោយ​មក​ម្ដាយ​ខ្ញុំ​ក៏​បាន​ទៅ​ជា​សាក្សី​ដែរ បន្ទាប់​ពី​គាត់​បាន​ទទួល​ស្គាល់​ថា លោក​តា​របស់​ខ្ញុំ​ស្គាល់​គម្ពីរ​ច្បាស់​ជាង​បព្វជិត​ក្នុង​ភូមិ។

ពេល​ខ្ញុំ​អាយុ​បី​ឆ្នាំ ឪពុក ពូ និង​លោក​តា​របស់​ខ្ញុំ​បាន​ត្រូវ​និរទេស​ទៅ​ជំរំ​ពលកម្ម ដោយ​សារ​តែ​ពួក​គាត់​កាន់​ជំហរ​អព្យាក្រឹត​ជា​គ្រិស្ត​សាសនិក។ នៅ​ឆ្នាំ​១៩៤៧ ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ មាន​តែ​ឪពុក​ខ្ញុំ​ប៉ុណ្ណោះ​ដែល​រួច​ជីវិត គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​បាក់​ឆ្អឹង​ខ្នង។ ទោះ​ជា​រូប​កាយ​គាត់​ទ្រុឌ​ទ្រោម​ក្ដី តែ​គាត់​នៅ​តែ​រក្សា​ជំនឿ​មាំ​មួន។

ក្នុង​ជីវិត​យើង​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ

ពេល​ខ្ញុំ​អាយុ​៩​ឆ្នាំ ក្រុម​គ្រួសារ​ខ្ញុំ​និង​សាក្សី​ព្រះ​យេហូវ៉ា​រាប់​រយ​នាក់​ទៀត​ពី​ម៉ុលដាវី​បាន​ត្រូវ​បញ្ជូន​ទៅ​តំបន់​ស៊ីបេរី។ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៤៩ គេ​បាន​ប្រមូល​យើង​ដាក់​ក្នុង​ទូរថភ្លើង​សម្រាប់​ដាក់​សត្វ។ ក្រោយ​ពី​ធ្វើ​ដំណើរ​ឥត​ឈប់​អស់​ចម្ងាយ​៦​.​៤០០​គីឡូម៉ែត្រ (​៤​.​០០០​ម៉ៃល៍​) ក្នុង​រយៈ​ពេល​១២​ថ្ងៃ យើង​បាន​ឈប់​នៅ​ស្ថានីយ​រថភ្លើង​លីបយ៉ាហ្សិះ។ ប៉ូលិស​ប្រចាំ​តំបន់​នោះ​បាន​រង់​ចាំ​យើង។ គេ​បាន​ចែក​យើង​ជា​ក្រុម​តូច​ៗ ហើយ​ភ្លាម​ៗ​នោះ​គេ​បំបែក​យើង​ទៅ​តាម​តំបន់។ គេ​បាន​ឲ្យ​ក្រុម​របស់​យើង​ស្នាក់​នៅ​ក្នុង​សាលា​តូច​មួយ​ដែល​គេ​ទុក​ចោល។ យើង​ក្រៀម​ក្រំ​ចិត្ត​និង​អស់​កម្លាំង​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា​ក្ដី បង​ស្រី​វ័យ​ចំណាស់​ម្នាក់​ដែល​នៅ​ជា​មួយ​យើង​បាន​ច្រៀង​រហ៊ឹម​ៗ ជា​ចម្រៀង​ដែល​តែង​ដោយ​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ មិន​យូរ​ប៉ុន្មាន យើង​ទាំង​អស់​គ្នា​ក៏​បាន​ចូល​រួម​ច្រៀង​ជា​មួយ​គាត់​ដោយ​អស់ពី​ចិត្ត នូវ​ពាក្យ​ដូច​ត​ទៅ:

«​បង​ប្អូន​ជា​ច្រើន​បាន​ត្រូវ​និរទេស​ទៅ​ឆ្ងាយ។

គេ​បាន​យក​ពួក​គាត់​ទៅ​ទិស​ខាង​ជើង​និង​ខាង​កើត។

ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ព្រះ ពួក​គាត់​បាន​ត្រូវ​កាត់​ទោស​ឲ្យ​រង​ទុក្ខវេទនា ហើយ​នៅ​ទី​នោះ​ពួក​គាត់​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​ដែល​ប្រៀប​ដូច​ជា​ស្លាប់​»។

ក្រោយ​មក​យើង​អាច​ទៅ​ជួប​ជុំ​ជា​មួយ​បង​ប្អូន​ឯ​ទៀត​ដើម្បី​រៀន​គម្ពីរ​រាល់​ថ្ងៃ​អាទិត្យ​នៅ​កន្លែង​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​១៣​គីឡូម៉ែត្រ (​៨​ម៉ៃល៍​) ពី​ផ្ទះ​របស់​យើង។ ជា​រឿយ​ៗ យើង​បាន​ចេញ​ទៅ​នៅ​ពេល​ព្រលឹម​ស្រាង​ៗ​ដែល​ត្រជាក់​ខ្លាំង​ហើយ​មាន​ព្រឹល​ធ្លាក់ យើង​ត្រូវ​ដើរ​កាត់​ទឹក​កក​ដែល​មាន​កម្រាស់​ត្រឹម​ចង្កេះ ក្រោម​សីតុណ្ហភាព​៤០​អង្សា​ក្រោម​សូន្យ (​-40°C​)។ យើង​ទាំង​អស់​គ្នា​ដែល​មាន​ចំនួន​ប្រហែល​៥០​ឬ​ច្រើន​ជាង​បាន​ចូល​ប្រជ្រៀត​គ្នា​ក្នុង​បន្ទប់​តូច​មួយ ហើយ​យើង​ចាប់​ផ្ដើម​ប្រជុំ​ដោយ​ច្រៀង​ចម្រៀង​មួយ ពីរ ឬ​បី​បទ។ បន្ទាប់​មក​យើង​បាន​អធិដ្ឋាន​ទៅ​ព្រះ​ដោយ​អស់ពី​ចិត្ត រួច​មក​យើង​ពិគ្រោះ​សំណួរ​ពី​គម្ពីរ។ ការ​ប្រជុំ​នេះ​បាន​បន្ត​អស់​មួយ​ម៉ោង​ជាង ហើយ​យើង​ក៏​បាន​ច្រៀង​ចម្រៀង​និង​ពិគ្រោះ​សំណួរ​ពី​គម្ពីរ​ថែម​ទៀត​ដែរ។ នោះ​ពិត​ជា​គ្រា​ដែល​ពង្រឹង​ជំនឿ​យើង​មែន!

ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ថ្មី

នៅ​ឆ្នាំ​១៩៦០ សាក្សី​ព្រះ​យេហូវ៉ា​ដែល​គេ​និរទេស​នោះ​បាន​មាន​សេរីភាព​ច្រើន​ជាង។ ទោះ​ជា​យើង​ក្រ​ក្ដី ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​ម៉ុលដាវី នៅ​ទី​នោះ​ខ្ញុំ​បាន​ជួប​នីណឺ។ ឪពុក​ម្ដាយ​និង​តា​យាយ​របស់​នាង​ក៏​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។ មិន​យូរ​ក្រោយ​មក​យើង​បាន​រៀប​ការ​ជា​មួយ​គ្នា ហើយ​ក៏​ត្រឡប់​ទៅ​រស់​នៅ​តំបន់​ស៊ីបេរី​វិញ។ នៅ​ទី​នោះ ក្នុង​ឆ្នាំ​១៩៦៤​កូន​ស្រី​របស់​យើង​ឈ្មោះ​ឌីណឺ​បាន​កើត​មក ហើយ​នៅ​ឆ្នាំ​១៩៦៦ យើង​មាន​កូន​ប្រុស​មួយ​ទៀត​ឈ្មោះ​វីកថរ។ ពីរ​ឆ្នាំ​ក្រោយ​មក យើង​បាន​រើ​ទៅ​ប្រទេស​អ៊ុយក្រែន ហើយ​រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ​ក្នុង​ក្រុង​ចឹងខយ​ដែល​ឆ្ងាយ​ពី​ក្រុង​យ៉ាលតា​ប្រហែល​១៦០​គីឡូម៉ែត្រ(​១០០​ម៉ៃល៍​) នៅ​លើ​ឧបទ្វីប​គ្រីមា។

នៅ​ឧបទ្វីប​គ្រីមា គេ​បាន​ដាក់​បម្រាម​ទៅ​លើ​សកម្មភាព​របស់​សាក្សី​ព្រះយេហូវ៉ា​ដូច​ទៅ​លើ​តំបន់​ផ្សេង​ទៀត​ក្នុង​អតីត​សហភាព​សូវៀត​ដែរ។ ប៉ុន្តែ​គេ​មិន​សូវ​តឹង​តែង​ចំពោះ​កិច្ច​ការ​របស់​យើង​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​សូវ​មាន​ការ​បៀតបៀន​ខ្លាំង​ដែរ។ ដូច្នេះ​ហើយ សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​ចាប់​ផ្ដើម​លែង​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ។ ពួក​គេ​បាន​វែក​ញែក​ថា ដោយ​សារ​ពួក​គេ​រង​ទុក្ខវេទនា​ច្រើន​ណាស់​នៅ​តំបន់​ស៊ីបេរី ដូច្នេះ​ឥឡូវ​ជា​ពេល​សមរម្យ​ដែល​ពួក​គេ​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​លើក​ស្ទួយ​ជីវភាព។

ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត

នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​១៩៩១ នៅ​អតីត​សហភាព​សូវៀត គេ​បាន​ទទួល​ស្គាល់​សកម្មភាព​របស់​យើង​តាម​ច្បាប់។ ភ្លាម​ៗ​នោះ យើង​មាន​គម្រោង​រៀបចំ​មហាសន្និបាត​ពិសេស​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ។ មហាសន្និបាត​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ចំនួន​៧​លើក ដើម្បី​ឲ្យ​មនុស្ស​នៅ​ទូ​ទាំង​ប្រទេស​អាច​ចូល​រួម​បាន។ ដូច្នេះ យើង​បាន​ទៅ​ចូល​រួម​មហាសន្និបាត​មួយ​នៅ​អូដេសា​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា។ ខ្ញុំ​បាន​មក​ដល់​នៅ​ដើម​ខែ​ដើម្បី​ជួយ​រៀបចំ​មហាសន្និបាត​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ដ៏​ធំ​មួយ។

យើង​ធ្វើ​ការ​អស់​យូរ​ថ្ងៃ ជា​ញឹក​ញយ ពេល​យប់​យើង​គេង​លើ​ជើង​ម៉ា​វែង​ក្នុង​ពហុ​កីឡាដ្ឋាន។ ក្រុម​ស្ត្រី​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​សម្អាត​នៅ​ជុំ​វិញ​ពហុ​កីឡាដ្ឋាន​នោះ ហើយ​យើង​បាន​ប្រមូល​សំរាម​ប្រហែល​៧០​តោន​ទៅ​បោះចោល។ អស់​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខាង​ចាត់​ចែង​បន្ទប់​បាន​ខំ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​សម្រាប់​ពួក​អ្នក​ចូល​រួម​មហាសន្និបាត ដែល​គេ​រំពឹង​ថា​នឹង​មាន​ចំនួន​១៥​.​០០០​នាក់។ ស្រាប់​តែ​ក្រោយ​មក យើង​បាន​ឮ​ដំណឹង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង!

នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា គ្រាន់តែ​ប្រាំ​ថ្ងៃ​មុន​មហាសន្និបាត​ចាប់​ផ្ដើម គេ​បាន​ចាប់​ខ្លួន​ប្រធានាធិបតី​នៃ​ស​.​ស​.​ស​.​ស ឈ្មោះ​មីខាអ៊ីល ហ្គ័របាឆូវ ក្នុង​ខណៈ​ពេល​ដែល​គាត់​ទៅ​វិស្សមកាល​ជិត​ក្រុង​យ៉ាលតា​ដែល​មិន​សូវ​ឆ្ងាយ​ពី​កន្លែង​យើង​រស់​នៅ។ ដូច្នេះ គេ​បាន​លុប​ចោល​ការ​យល់​ព្រម​ឲ្យ​យើង​ធ្វើ​មហាសន្និបាត។ អ្នក​ចូល​រួម​បាន​ចាប់​ផ្ដើម​ទូរស័ព្ទ​ទៅ​ផ្នែក​រៀបចំ​មហាសន្និបាត​ដោយ​សួរ​ថា​៖ ​«​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា យើង​បាន​កក់​សំបុត្រ​ឡាន​ក្រុង​និង​រថភ្លើង​ហើយ?​»។ បន្ទាប់​ពី​បាន​អធិដ្ឋាន​អស់ពី​ចិត្ត​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​រៀបចំ​មហាសន្និបាត​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​ទោះ​ជា​យ៉ាង​ណា សូម​មក!​»។

យើង​បន្ត​រៀបចំ​និង​អធិដ្ឋាន​ដោយ​ឥត​ឈប់​ឈរ។ អ្នក​រៀបចំ​ខាង​ផ្នែក​ដឹក​ជញ្ជូន​ចាប់​ផ្ដើម​ជួប​ពិភាក្សា​ជា​មួយ​អ្នក​ចូល​រួម​ដែល​បាន​មក​ពី​តំបន់​ផ្សេង​ៗ​ក្នុង​អតីត​សហភាព​សូវៀត ហើយ​ទទួល​ពួក​គាត់​ទៅ​កន្លែង​ស្នាក់​នៅ។ រៀង​រាល់​ព្រឹក​សមាជិក​គណៈ​កម្មាធិការ​មហាសន្និបាត​បាន​ចេញ​ពី​ការិយាល័យ​ខ្លួន​ទៅ​ជួប​មន្ត្រី​ក្រុង ហើយ​ជា​រៀង​រាល់​យប់ ពេល​ពួក​គាត់​ត្រឡប់​មក​វិញ​នោះ​គ្មាន​ដំណឹង​ល្អ​សម្រាប់​យើង​ទេ។

ព្រះ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​សីហា គឺ​ពីរ​ថ្ងៃ​មុន​កម្មវិធី​មហាសន្និបាត​ចាប់​ផ្ដើម សមាជិក​គណៈ​កម្មាធិការ​មហាសន្និបាត​បាន​ត្រឡប់​មក​វិញ​ប្រាប់​ដំណឹង​ល្អ​ថា គេ​បាន​យល់​ព្រម​ឲ្យ​យើង​ធ្វើ​មហាសន្និបាត​ហើយ! កាល​ដែល​យើង​ច្រៀង​ចម្រៀង​និង​អធិដ្ឋាន​បើក​កម្មវិធី នោះ​យើង​មាន​អំណរ​ពន់ពេក។ បន្ទាប់​ពី​ចប់​កម្មវិធី​ថ្ងៃ​សៅរ៍ យើង​បាន​បន្ត​នៅ​ដល់​យប់​ជ្រៅ ដោយ​សារ​យើង​ជាប់​និយាយ​គ្នា​និង​ជួប​មិត្ត​ភក្ដិ​ចាស់។ ពួក​គាត់​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ជំនឿ​រឹង​មាំ ហើយ​បាន​កាន់​ជំហរ​មាំ​មួន​ក្នុង​គ្រា​ល្បង​ល​ដ៏​ពិបាក​បំផុត។

ក្នុង​រយៈ​ពេល​ជាង​២២​ឆ្នាំ​ក្រោយ​ពី​មហាសន្និបាត​នោះ អង្គការ​របស់​ព្រះ​មាន​ការ​រីក​ចម្រើន​យ៉ាង​អស្ចារ្យ។ សាល​ប្រជុំ​ជា​ច្រើន​បាន​ត្រូវ​សាងសង់​នៅ​ទូ​ទាំង​ប្រទេស​អ៊ុយក្រែន ហើយ​ចំនួន​អ្នក​ផ្សព្វ​ផ្សាយ​បាន​កើន​ឡើង​២៥​.​០០០​នាក់​ក្នុង​ឆ្នាំ​១៩៩១ ហើយ​រហូត​ដល់​ឥឡូវ​នេះ​មាន​ចំនួន​ច្រើន​ជាង​១៥០​.​០០០​នាក់!

នៅ​តែ​ជា​អ្នក​មាន​ខាង​កិច្ច​បម្រើ​ព្រះ

ក្រុម​គ្រួសារ​យើង​នៅ​តែ​រស់​នៅ​ផ្ទះ​ដូច​ពី​មុន​ក្នុង​ក្រុង​ចឹងខយ ដែល​ឥឡូវ​ជា​ក្រុង​មួយ​មាន​ប្រជាជន​ប្រហែល​៤០​.​០០០​នាក់។ យើង​ត្រឡប់​មក​ពី​តំបន់​ស៊ីបេរី​វិញ​ក្នុង​ឆ្នាំ​១៩៦៨ នៅ​ពេល​នោះ​ក្នុង​តំបន់​នោះ​មាន​សាក្សី​ព្រះ​យេហូវ៉ា​តែ​ពីរ​បី​គ្រួសារ​ប៉ុណ្ណោះ តែ​មក​ដល់​ឥឡូវ​មាន​ក្រុម​ជំនុំ​៦​ក្នុង​ក្រុង​ចឹងខយ។

ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​មាន​សមាជិក​កើន​ឡើង​ដែរ។ ឥឡូវ​យើង​មាន​បួន​ជំនាន់​ដែល​នៅ​តែ​រស់​និង​កំពុង​បម្រើ​ព្រះ​យេហូវ៉ា ពោល​គឺ យើង កូន ចៅ និង​ចៅ​ទួត។

[​រូបភាព​នៅ​ទំព័រ​៨​]

ស្ថានីយ​រថភ្លើង​នៅ​ក្រុង​ចឹងខយ​ប្រហែល​ឆ្នាំ​១៩៧៤

[​រូបភាព​នៅ​ទំព័រ​៩​]

ក្រុម​គ្រួសារ​ខ្ញុំ​ដែល​មាន​បួន​ជំនាន់

[​រូបភាព​នៅ​ទំព័រ​៩​]

មហាសន្និបាត​នៅ​ក្រុង​អូដេសា​ឆ្នាំ​១៩៩១