លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទីបញ្ចប់នៃទុក្ខវេទនាជិតមកដល់ហើយ!

ទីបញ្ចប់នៃទុក្ខវេទនាជិតមកដល់ហើយ!

ទី​បញ្ចប់​នៃ​ទុក្ខវេទនា​ជិត​មក​ដល់​ហើយ!

សូម​ស្រមៃ​ថា​លោក​អ្នក​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​គ្មាន​ទុក្ខវេទនា ពោល​គឺ​ពិភព​លោក​ដែល​គ្មាន​ឧក្រិដ្ឋកម្ម សង្គ្រាម ជំងឺ និង​មហន្តរាយ​ធម្មជាតិ។ សូម​គិត​ទៅ​មើល តើ​លោក​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​ជា​រៀង​រាល់​ព្រឹក​ពេល​លោក​អ្នក​ភ្ញាក់​ឡើង គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​គ្មាន​ស្ថិរភាព​ខាង​សេដ្ឋកិច្ច ការ​រើសអើង ឬ​ការ​ជិះ​ជាន់​ណា​ទៀត? ប៉ុន្តែ តើ​លោក​អ្នក​គិត​ថា​រឿង​ទាំង​អស់​ស្ដាប់​ទៅ​មិន​អាច​កើត​ឡើង​បាន​ទេ​ឬ? ការ​ពិត គ្មាន​មនុស្សជាតិ​ណា​ម្នាក់ ឬ​អង្គការ​ណា​មួយ​របស់​មនុស្ស​អាច​ធ្វើ​ឲ្យ​មាន​ស្ថានភាព​បែប​នោះ​បាន​ទេ។ ប៉ុន្តែ ព្រះ​បាន​សន្យា​ថា​នឹង​បំផ្លាញ​ចោល​ដើម​ហេតុ​ទាំង​អស់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រង​ទុក្ខវេទនា រួម​ទាំង​ដើម​ហេតុ​ដែល​យើង​បាន​ពិគ្រោះ​នៅ​អត្ថបទ​មុន។ សូម​កត់​សម្គាល់​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ មាន​ដូច​ត​ទៅ:

នឹង​មាន​ការ​គ្រប់​គ្រង​ល្អ

​«​ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។—ដានីយ៉ែល ២:៤៤

នគរ​ឬ​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌។ ព្រះ​បាន​ជ្រើស​រើស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង។ លោក​យេស៊ូ​នឹង​គ្រប់​គ្រង​ជំនួស​ការ​គ្រប់​គ្រង​ទាំង​អស់​របស់​មនុស្សជាតិ។ លោក​នឹង​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​នឹង​ធ្វើ​ឲ្យ​សម្រេច​នៅ​ផែនដី​ដែរ។ (​ម៉ាថាយ ៦:៩, ១០​) រដ្ឋាភិបាល​នេះ​នឹង​មិន​ជំនួស​ដោយ​ការ​គ្រប់​គ្រង​របស់​មនុស្សជាតិ​ណា​មួយ​ទេ ពីព្រោះ​រដ្ឋាភិបាល​នេះ​ជា​«​រាជាណាចក្រ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍​របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​អ្នក​សង្គ្រោះ​និង​ជា​ម្ចាស់​របស់​យើង​»។ នេះ​ច្បាស់​ជា​នឹង​នាំ​ឲ្យ​មាន​សន្ដិភាព​ជា​រៀង​រហូត។—ពេត្រុសទី២ ១:១១

នឹង​គ្មាន​សាសនា​មិន​ពិត​ទៀត

​«​សាថាន​ចេះ​តែ​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ។ ដូច្នេះ មិន​មែន​ជា​ការ​អស្ចារ្យ​ទេ ដែល​អ្នក​បម្រើ​របស់​វា​ក៏​ចេះ​តែ​ក្លែង​ខ្លួន​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​សុចរិត​ដែរ។ ប៉ុន្តែ​ទី​បញ្ចប់​របស់​ពួក​គេ​នឹង​សម​នឹង​ការ​ដែល​ពួក​គេ​បាន​ធ្វើ​»។

កូរិនថូសទី២ ១១:១៤, ១៥

សាសនា​មិន​ពិត​នឹង​ត្រូវ​បក​អាក្រាត​ឲ្យ​ឃើញ​ថា​ជា​ស្នា​ដៃ​របស់​មេកំណាច ហើយ​នឹង​ត្រូវ​បំផ្លាញ​ពី​ផែនដី។ ការ​រើសអើង​និង​ការ​បង្ហូរ​ឈាម​ក្នុង​នាម​សាសនា​នឹង​លែង​មាន​ទៀត។ នេះ​នឹង​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​«​ព្រះ​ដ៏​ពិត​និង​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»​គោរព​ប្រណិប័តន៍​លោក​ដោយ​មាន​«​ជំនឿ​តែ​មួយ​»។ នោះ​ក៏​នឹង​ឲ្យ​ពួក​គេ​គោរព​ប្រណិប័តន៍​លោក​«​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»។ នេះ​ពិត​ជា​សេចក្ដី​សុខសាន្ត​និង​សាមគ្គី​ភាព​មែន!—ថែស្សាឡូនិច​ទី​១ ១:៩; អេភេសូរ ៤:៥; យ៉ូហាន ៤:២៣

នឹង​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​ល្អ​ឥត​ខ្ចោះ

​«​ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់។ លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។—ការ​បើក​បង្ហាញ ២១:៣, ៤

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ការ​ទាំង​នេះ​កើត​ឡើង​តាម​រយៈ​លោក​យេស៊ូ​ជា​បុត្រ​របស់​លោក ដែល​បាន​ផ្ដល់​ជីវិត​ដើម្បី​មនុស្សជាតិ​ក្នុង​ពិភព​លោក។ (​យ៉ូហាន ៣:១៦​) ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ មនុស្សជាតិ​នឹង​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ទុក្ខវេទនា​នឹង​លែង​មាន​ទៀត ពីព្រោះ​«​ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់​»​ ហើយ​លោក​នឹង​ជូត​«​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ​»។ ឆាប់​ៗ​ខាង​មុខ​នេះ ភាព​មិន​ល្អ​ឥត​ខ្ចោះ​ហើយ​ទុក្ខវេទនា​របស់​មនុស្សជាតិ​នឹង​កន្លង​បាត់​អស់ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរ​ដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។—ទំនុកតម្កើង ៣៧:២៩

នឹង​គ្មាន​ពួក​វិញ្ញាណ​កំណាច​ទៀត

​«​ទេវតា​នោះ[​យេស៊ូ​គ្រិស្ត​]ចាប់​នាគ ជា​ពស់​ដំបូង​បង្អស់ ដែល​ជា​មេកំណាច​និង​ជា​សាថាន រួច​បាន​ចង​វា​ទុក​អស់​មួយ​ពាន់​ឆ្នាំ។ ទេវតា​នោះ​បោះ​វា​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត រួច​បិទ​ជិត ហើយ​បិទ​ត្រា​លើ​ទី​ជ្រៅ​បំផុត​ដើម្បី​ឃុំ​វា មិន​ឲ្យ​បំភាន់​ប្រជាជាតិ​នានា​ទៀត​»។—ការ​បើក​បង្ហាញ ២០:២, ៣

ឥទ្ធិពល​ទាំង​អស់​របស់​សាថាន​នឹង​លែង​មាន​ទៀត ពេល​ដែល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បាន​ត្រូវ​ចង​ទុក​និង​បោះ​ទៅ​ក្នុង​«​ទី​ជ្រៅ​បំផុត​»​ ជា​ស្ថានភាព​មួយ​ដែល​លែង​មាន​សកម្មភាព​ទាំង​អស់។ ពួក​វា​នឹង​មិន​អាច​កាន់​កាប់​ទៅ​លើ​មនុស្សជាតិ​ដើម្បី​សម្រេច​បំណង​ដ៏​អាក្រក់​របស់​ពួក​វា​ទៀត​ទេ។ យើង​ពិត​ជា​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ណាស់! ពេល​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​គ្មាន​ឥទ្ធិពល​ពី​សាថាន​និង​ពួក​វិញ្ញាណ​អាក្រក់។

◼ ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នឹង​ចប់

​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នឹង​ត្រូវ​បញ្ចប់​ដោយ​អ្វី​ដែល​លោក​យេស៊ូ​បាន​ហៅ​ថា​«​ទុក្ខវេទនា​ជា​ខ្លាំង​»។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នឹង​មាន​ទុក្ខវេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​ក៏​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ​»។—ម៉ាថាយ ២៤:២១

ទុក្ខវេទនា​នេះ​គឺ​ខ្លាំង​ដោយ​សារ​នឹង​មាន​អន្តរាយ​កើត​ឡើង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ នេះ​នឹង​នាំ​មក​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​នៅ​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»​ដែល​គេ​ស្គាល់​ថា​«​ហាម៉ាគេដូន​»។—ការ​បើក​បង្ហាញ ១៦:១៤, ១៦

មនុស្ស​គ្រប់​ទី​កន្លែង​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត​ទន្ទឹង​ចាំ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ។ សូម​ពិចារណា​ពរ​មួយ​ចំនួន​ដែល​ពួក​គេ​នឹង​ទទួល​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ។

ព្រះ​នឹង​ធ្វើ​ច្រើន​ជាង​នោះ​ទៅ​ទៀត!

«​មនុស្ស​មួយ​ក្រុម​ធំ​»​នឹង​រួច​ជីវិត​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​មាន​តែ​សេចក្ដី​សុខសាន្ត: បណ្ដាំ​របស់​ព្រះ​ចែង​ថា​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​មិន​អាច​រាប់​ចំនួន​បាន នឹង​«​ចេញ​ផុត​ពី​គ្រា​ទុក្ខវេទនា​ដ៏​ខ្លាំង​»​ហើយ​រួច​ជីវិត​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត។ (​ការ​បើក​បង្ហាញ ៧:៩, ១០, ១៤; ពេត្រុសទី២ ៣:១៣​) ពួក​គេ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​«​កូន​ចៀម​របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ​»។—យ៉ូហាន ១:២៩

ការ​អប់រំ​ពី​ព្រះ​នឹង​ផ្ដល់​ប្រយោជន៍​ដ៏​អស្ចារ្យ: ក្នុង​ពិភព​លោក​ថ្មី​«​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី​»។ (​អេសាយ ១១:៩​) ការ​អប់រំ​ពី​ព្រះ​នឹង​រួម​បញ្ចូល​ការ​ណែនាំ​អំពី​របៀប​រស់​នៅ​ដោយ​សុខសាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់ និង​ការ​ថែ​រក្សា​បរិស្ថាន​ធម្មជាតិ។ ព្រះ​សន្យា​ថា​៖ ​«​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ​»។—អេសាយ ៤៨:១៧

មនុស្ស​ជា​ទី​ស្រឡាញ់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ: កាល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ប្រោស​ឡាសា​ជា​មិត្ត​សម្លាញ់​របស់​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។ (​យ៉ូហាន ១១:១, ៥, ៣៨​-​៤៤​) ដូច្នេះ​ហើយ លោក​យេស៊ូ​បាន​បង្ហាញ​នូវ​អ្វី​ដែល​លោក​នឹង​ធ្វើ​ដល់​កម្រិត​មួយ​ធំ​ជាង ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ។—យ៉ូហាន ៥:២៨, ២៩

សេចក្ដី​សុខសាន្ត​ហើយ​សេចក្ដី​សុចរិត​នឹង​មាន​ជា​រៀង​រហូត: ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត ពួក​អ្នក​ប្រឆាំង​ច្បាប់​នឹង​លែង​មាន​ទៀត។ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច? ពីព្រោះ​លោក​យេស៊ូ​អាច​មើល​ឃើញ​ចិត្ត​របស់​ពួក​គេ ហើយ​លោក​នឹង​ប្រើ​សមត្ថភាព​នេះ​ដើម្បី​ដឹង​ថា​អ្នក​ណា​ជា​មនុស្ស​សុចរិត​និង​ជា​មនុស្ស​ទុច្ចរិត។ អស់​អ្នក​ដែល​មិន​ព្រម​កែ​ប្រែ​របៀប​រស់​នៅ​ដ៏​អាក្រក់​របស់​ខ្លួន​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​ឡើយ។—ទំនុកតម្កើង ៣៧:៩, ១០; អេសាយ ១១:៣, ៤; ៦៥:២០; ម៉ាថាយ ៩:៤

យើង​ទើប​តែ​បាន​ពិចារណា​ទំនាយ​ពីរ​បី​ក្នុង​ចំណោម​ទំនាយ​ជា​ច្រើន​ដែល​មាន​ក្នុង​គម្ពីរ។ ទំនាយ​ទាំង​នោះ​បញ្ជាក់​ពី​ជា​គ្រា​ដ៏​អស្ចារ្យ​ដែល​នឹង​មក​ដល់។ ពេល​រាជាណាចក្រ​របស់​ព្រះ​គ្រប់​គ្រង​មក​លើ​ផែនដី​«​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»​នឹង​មាន​ជា​រៀង​រហូត។ (​ទំនុកតម្កើង ៣៧:១១, ២៩​) ដើម​ហេតុ​ទាំង​អស់​ដែល​បណ្ដាល​ឲ្យ​មនុស្សជាតិ​ឈឺ​ចាប់​និង​រង​ទុក្ខវេទនា​នឹង​ត្រូវ​បញ្ចប់។ យើង​អាច​ជឿ​ការ​ទាំង​នេះ​បាន ដោយ​សារ​ព្រះ​សន្យា​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី . . . ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​ពិត​ត្រង់​»។—ការ​បើក​បង្ហាញ ២១:៥

[រូបភាព​នៅ​ទំព័រ​៦]